(វ៉ាស៊ីនតោន)៖ ខុសពីអ្វីដែលធ្លាប់រំពឹងទុកថា លោក ដូណាល់ ត្រាំ នឹងងាកមកគិតពីបញ្ហាសេដ្ឋកិច្ចអាមេរិកជាធំនោះ ប៉ុន្តែបន្ថែមពីនេះប្រធានាធិបតីទើបកាន់អំណាចបានជាងមួយខែរូបនេះ បានអំពាវនាវឲ្យមានការបង្កើនថវិកាជាតិសម្រាប់វិស័យយោធា «ជាប្រវត្តិសាស្ត្រ» ដោយលោកនឹងត្រូវតតាំងជាមួយបណ្តាសមាជិកសភានៃគណបក្សសាធារណរដ្ឋមួយចំនួនទៀត ដែលនឹងប្រឆាំងចំពោះសំណើនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សំណើរបស់លោក ត្រាំ ខាងលើនេះនឹងធ្វើឲ្យថវិកាជាតិទៅលើវិស័យការពារជាតិ កើនឡើងដល់ ៦០៣ពាន់លានដុល្លារអាមេរិក។ បើទោះបីជាអាមេរិកហាក់ទន់ដៃទន់ជើង ដោយសារតែសង្គ្រាមជិតពីរទសវត្សរ៍នៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងជំនួយទៅកាន់បណ្តាសម្ព័ន្ធមិត្តជាច្រើនក៏ដោយ ក៏ភាពជាមហាអំណាចយោធាលេខ១លើលោកនេះ មិនអាចកែប្រែនោះឡើយនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថាជុំវិញការទាមទាររបស់លោក ត្រាំ ខាងលើនេះគឺបានទទួលការរិះគន់ និងប្រឆាំងភ្លាមៗពីបណ្តាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ដោយពួកគេយល់ឃើញថាថវិកាជាតិដែលគ្រោងបន្ថែមសម្រាប់វិស័យយោធានោះ គួរតែយកទៅចំណាយទៅលើអ្វីផ្សេងដែលចាំបាច់ជាងនេះ ដូចជាការការពារបរិស្ថាន និងវិស័យអប់រំជាដើម។ ប្រសិនបើសភាអនុម័តមែននោះ វិស័យយោធាអាមេរិកនឹងមានថវិកាបន្ថែមលើសឆ្នាំមុនចំនួន ៥៤ពាន់លានដុល្លារ ឬស្មើនឹង១០ភាគរយ៕