(វ៉ាស៊ីនតោន)៖ នៅក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗជាច្រើន កំពុងតឹងសសៃកជាមួយលោក ដូណាល់ ត្រាំ នោះអតីតប្រធានាធិបតីអាមេរិកទី៤៣ លោក ចច ដាប់ប៊ែលយូប៊ូស (George W. Bush) បានកត់សម្គាល់ថា នៅសម័យលោកដឹកនាំប្រទេសសារព័ត៌មានគឺមានទម្ងន់បំផុត មិនដូចបច្ចុប្បន្ននេះទេ ដែលស្ថាប័នមួយនេះកំពុងបាត់បង់តម្លៃ និងសារៈសំខាន់របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ NBC News លោក ប៊ូស ក៏បានរិះគន់ផងដែរ ចំពោះអាកប្បកិរិយាប្រឆាំងអ្នកសារព័ត៌មានរបស់ លោក ដូណាល់ ត្រាំ។ លោក ប៊ូស បានគូសបញ្ជាក់ថា «លោក ត្រាំ ចាំបាច់ណាស់ត្រូវតែធានាឱ្យបាននូវសារៈសំខាន់ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅសហរដ្ឋអាមេរិក ត្បិតវាពិតជាពិបាកណាស់ក្នុងការបង្រួបបង្រួមប្រទេស នៅពេលអ្នកដឹកនាំ និងប្រព័ន្ធផ្សព្វផ្សាយបែកបាក់គ្នា។ នៅពេលខ្ញុំកាន់តំណែងជាប្រធានាធិបតី អ្នក (ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន) មានទម្ងន់និងទឹកមាត់ប្រៃបំផុត មិនដូចឥលូវនេះទេ (...) ហើយខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយពិតជាមានសារៈសំខាន់មិនអាចខ្វះ បានសម្រាប់លិទ្ធិប្រជាប្រធិបតេយ្យ ក្នុងការនាំយកការទទួលខុសត្រូវ ឬក៏ប្រាប់ប្រជាជនពីអ្នកដែលរំលោភលើអំណាចរបស់ពួកគេ»។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកសារព័ត៌មានមួយចំនួនដូចជា New York Times, NBC News, ABC, CBS, CNN ជាដើមគឺជាសត្រូវរបស់ប្រជាជនអាមេរិក ហើយលោកថែមទាំងបានហាមឃាត់សារព័ត៌មានទាំងអស់នោះ មិនឲ្យចូលយកព័ត៌មាននៅសេតវិមាន ដែលជារឿងពុំធ្លាប់កើតមានពីមុនមកផងដែរ៕