(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីចំនួន ០៥នាក់ដោយប្រើប្រាស់កាំភ្លើងបាញ់យន្តហោះជាអាវុធពិឃាតពីព្រោះតែពួកគេបានធ្វើរបាយការណ៍ខុស នាំឲ្យប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ខឹងឡើងឆេះដុំតែម្តង។ នេះបើតាមដកស្រង់របាយការណ៍របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបង្ហើបព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងខាងលើនេះ ធ្វើឡើងខណៈពេលដែលអាជ្ញាធរម៉ាឡេស៊ីកំពុងតែខ្វែងដៃខ្វែងជើង នៅក្នុងការស៊ើបអង្កេតករណីឃាតកម្មលើលោក គីម ជុងណាំ នៅឡើយ។ ចំពោះការធ្វើឃាតដ៏សាហាវទៅលើមន្ត្រីទាំង០៥រូបនោះដែរ គឺដោយសារតែពួកគេធ្វើរបាយការណ៍ខុស ប៉ុន្តែទីភ្នាក់ងារកូរ៉េខាងត្បូងមិនបានបញ្ជាក់ឲ្យច្បាស់នោះទេ ថារបាយការណ៍ខុសនោះទៅលើរឿងអ្វីឲ្យប្រាកដ។
គួរបញ្ជាក់ថាចាប់តាំងពីចុងឆ្នាំ២០១១ ដែលលោក គីម ជុងអ៊ុន ឡើងកាន់អំណាចកំពូលមកមន្ត្រីជាន់ខ្ពស់ជាច្រើនរូបហើយត្រូវបានប្រហារជីវិត ក្នុងនោះសូម្បីតែពូបង្កើតក៏មិនអាចរួចផុតដែរក្រោយពេលដែលរបបដឹកនាំកូរ៉េខាងជើងរកឃើញថា ពួកគេមិនមានភាពស្មោះត្រង់នឹងមេដឹកនាំគឺលោក គីម ជុងអ៊ុន ព្រមទាំងបានធ្វេសប្រហែសក្នុងការបំពេញកិច្ចការងារនោះ។ សម្រាប់ព័ត៌មាននៃការប្រហារជីវិតកន្លងមក កូរ៉េខាងជើងមិនដែលធ្វើការបកស្រាយអ្វីឡើយ ក្រៅតែពីព័ត៌មានទម្លាយចេញដោយកូរ៉េខាងត្បូង៕