(គូឡាឡាំពួរ)៖ យោងតាមរបាយការណ៍ព្រាងមួយរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ទីភ្នាក់ងារចារកម្មកូរ៉េខាងជើង បានលួចធ្វើការជួញដូរសព្វាវុធក៏ដូចជាបរិក្ខាយោធាផ្សេងៗទៀត ដែលជាការរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់យូអិន នៅក្រោមស្លាកយីហោរក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកងទ័ពឈ្មោះ Glocom ដែលស្ថិតនៅក្នុងរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុន Glocom បានធ្វើការផ្សព្វផ្សាយស្តីពីប្រព័ន្ធវិទ្យុទាក់ទងជាង៣០ប្រភេទ សម្រាប់អង្គភាពយោធាជាច្រើននៅលើគេហទំព័រម៉ាឡេស៊ី www.glocom.com.my។ តាមពិតទៅពុំមានក្រុមហ៊ុនឈ្មោះនេះនៅក្នុងប្រទេសម៉ាឡេស៊ីនោះឡើយ ប៉ុន្តែក្រុមហ៊ុនម៉ាឡេស៊ីចំនួនពីរកន្លែងដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុន និងនាយកជាជនជាតិកូរ៉េខាងជើង បានចុះបញ្ជីគេហទំព័ររបស់ Glocom កាលពីឆ្នាំ២០០៩។
យោងតាមរបាយការណ៍ព្រាងរបស់យូអិនក្រុមហ៊ុនខាងលើ ពិតជាមានមុខជំនាញប្រាកដមែន ដោយកាលពីខែកក្កដាឆ្នាំមុននេះ ការដឹកជញ្ជូនតាមផ្លូវអាកាសមួយនៃបរិក្ខាទំនាក់ទំនងយោធាកូរ៉េខាងជើង ដែលបានបញ្ជូនចេញពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសអេរីទ្រា (Eritrea) នៅអាហ្រ្វិកខាងកើត ត្រូវបានស្ទាក់ចាប់ដោយប្រទេសមួយមិនបញ្ចេញឈ្មោះ។
សម្ភារៈដែលត្រូវបានរឹបអូសយករួមមានវិទ្យុទាក់ទងនៅសមរភូមិ និងបរិក្ខាយោធាដទៃទៀតចំនួន៤៥ប្រអប់ធំៗដែលមានស្លាកសញ្ញា «Glocom» មានឈ្មោះពេញថា Global Communication Company។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្រុមហ៊ុន Glocom ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យឈ្លបការណ៍សម្ងាត់របស់កូរ៉េខាងជើង ដែលមានតួនាទីធ្វើប្រតិបត្តិការនៅក្រៅប្រទេស ក៏ដូចជាទទួលបន្ទុកលើការទិញដូរសព្វាវុធផងដែរ។
ដោយឡែកអ្នកនាំពាក្យនៃបេសកកម្មការទូតរបស់កូរ៉េខាងជើងប្រចាំនៅយូអិនបានអះអាងថា រូបលោកមិនបានទទួលព័ត៌មាន ឬដំណឹងអ្វីអំពីក្រុមហ៊ុន Glocom នេះឡើយ។ គួររំលឹកថាសេចក្តីសម្រេចលេខ១៨៧៤របស់យូអិន ដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០០៩ បានពង្រីកការដាក់ទណ្ឌកម្មផ្នែកសព្វាវុធប្រឆាំងនឹងកូរ៉េខាងជើង ដោយចាត់បញ្ចូលទាំងបរិក្ខាយោធា និងរាល់សម្ភារៈពាក់ព័ន្ធទាំងអស់ផ្សេងៗទៀត។
គួរបញ្ជាក់ដែរថាម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ដែលមានទំនាក់ទំនងជិតស្និទ្ធនិងរឹងមាំជាមួយកូរ៉េខាងជើង ដោយប្រជាពលរដ្ឋរបស់ពួកគេអាចធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដោយពុំចាំបាច់មានទិដ្ឋាការនោះឡើយ ក៏ប៉ុន្តែចំណងទាំងនេះបានចាប់ផ្តើមនិងកំពុងជួបប្រទះភាពរង្គោះរង្គើរ នៅក្រោយពេលដែលបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងត្រូវបានគេលួចធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ៕