(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង NIS បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសន្តិសុខ និងក្រសួងការបរទេសកូរ៉េខាងជើង គឺជាអ្នករៀបចំគំរោងសម្លាប់លោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន នៅឯព្រលានយន្ដហោះ អន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ NIS ធ្វើឡើងនៅក្នុងការបង្ហាញដ៏ខ្លីមួយនៅចំពោះមុខសភាជាតិកូរ៉េខាងត្បូង។ NIS បានបញ្ជាក់ដូច្នេះថា «នៅក្នុងចំណោមជនសង្ស័យជាជនជាតិកូរ៉េខាងជើងទំាង០៨នាក់ នៅក្នុងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ មាន០៤នាក់ជាមន្ត្រីមកពីក្រសួងសន្តិសុខ និង០២នាក់ ផ្សេងទៀតជាមន្ត្រីនៃក្រសួងការបរទេសកូរ៉េខាងជើង។ ដោយឡែកក្រៅតែពីរឿងឃាតកម្មដ៏រសើបនេះ NIS ក៏បានឱ្យដឹងដែរថា ប្រជាជនកូរ៉េខាងជើងប្រមាណ ៣០០,០០០នាក់អាចនឹងបាត់បង់ការងាររបស់ពួកគេ ដោយសារតែការផ្អាករបស់ចិនលើការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង ។
គួរបញ្ជាក់ថាបើតាមក្រសួងសុខាភិបាលម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានគេបំពុលឱ្យស្លាប់ ដោយប្រើប្រាស់សារធាតុគីមីពុល VX ស្របពេលរដ្ឋាភិបាលកូរ៉េខាងត្បូង បានអះអាងជាច្រើនដងថា ទីភ្នាក់ងារចារកម្មកូរ៉េខាងជើង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ៕