(ម៉ូស្គូ)៖ រុស្ស៊ីសង្ឃឹមថាក្រុមឧទ្ទាមនៅប្រទេសស៊ីរីនឹងបង្កើតប្រតិភូរួមមួយសម្រាប់កិច្ចចរចាសន្តិភាពទីក្រុងហ្ស៊ឺណែវនៃប្រទេសស្វីស ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមបង្ហូរឈាមនារយៈពេល ០៦ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មានរុស្ស៊ី RIA Novosti នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានដកស្រង់សម្តីរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Mikhail Bogdanov។
ទីភ្នាក់ងារព័ត៌មានដដែលបានឲ្យដឹងទៀតថា អ្នកតំណាំងនៃក្រុមឧទ្ទាមឃើដក៏គួរតែចូលរួមចំណែកនៅក្នុងកិច្ចចរចានេះផងដែរ។ គួរបញ្ជាក់ថាអង្គការសហប្រជាជាតិបានចាប់ផ្តើមបើកកិច្ចចរចាសន្តិភាពនៃប្រទេសស៊ីរីនេះជាមួយនិងពិធីជានិមិត្តរូបមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ខណៈបើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរីមនុស្សជាង ៣០០,០០០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងជិត១១លាននាក់ផ្សេងទៀតបានផ្លាស់ប្ដូរទីលំនៅ ឬក៏ភៀសខ្លួនទៅកាន់ប្រទេសជិតខាងឬក៏តំបន់អឺរ៉ុប។
ងាកទៅមើលបញ្ហាជារួមនៅក្នុងប្រទេសស៊ីរីវិញ មិនមែនមានត្រឹមតែការប្រឆាំងគ្នារវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក៏ជារឿងធំមួយដែលធ្វើឲ្យប្រទេសស៊ីរីទាំងមូលកាន់តែធ្លាក់ដុនដាបផងដែរ។ តាំងពីដើមមកក្រុមប្រឆាំងស៊ីរីគឺត្រូវបានគាំទ្រដោយបណ្តាប្រទេសលោកខាងលិច រីឯរដ្ឋាភិបាលស៊ីរីគឺជាសម្ព័ន្ធមិត្តមិនអាចកាត់ថ្លៃបានរបស់រុស្ស៊ី៕