(ម៉ានីល)៖ កងកម្លាំងប៉ូលិសហ្វីលីពីនបានត្រៀមខ្លួនហើយ ដើម្បីចូលរួមសាជាថ្មីម្ដងទៀតនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានផ្អាកប្រតិបត្តិការរបស់ប៉ូលិសកាលពីខែមករា ដោយសារតែរឿងអាស្រូវពុករលួយ ប្រព្រឹត្តឡើងដោយមន្ត្រីប៉ូលិសមួយចំនួន។ នេះបើតាមសម្តីរបស់មេបញ្ជាការប៉ូលិស លោក Ronald dela Rosa ដកស្រង់ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ronald dela Rosa បានបញ្ជាក់ថា ប៉ូលិសហ្វីលីពីននឹងត្រូវត្រឡប់ទៅកាន់ការប្រយុទ្ធសាជាថ្មីក្នុងសង្រ្គាមគ្រឿងញៀននាពេលឆាប់ៗនេះ។ លោក dela Rosa លើកឡើងដូច្នេះថា «យើងកំពុងត្រៀមខ្លួនចូលរួមក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន បើសិនជាមានបទបញ្ជាពីលោកប្រធានាធិបតី (...) ហើយក្នុងរយៈពេលដែលយើងបានដកខ្លួនពីសង្រ្គាមនេះ ស្ថានភាពកាន់តែអាក្រក់ រីឯបញ្ហាក៏ត្រឡប់មកវិញ ដូច្នេះយើងនឹងត្រឡប់មកវិញនៅពេលឆាប់ៗនេះ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្ញុំនឹងទុកឱ្យស្ថាប័នប៉ូលិសជាតិហ្វីលីពីន ជាអ្នកសម្រេចចិត្តនូវអ្វីដែល ពួកគេគួរតែធ្វើដើម្បីឱ្យការងារទទួលបានជោគជ័យ»។
គួរបញ្ជាក់ថាគិតចាប់តាំងពីលោក ឌូតឺតេ ស្បថចូលកាន់តំណែងកាលពីជាង៨ខែមុនមក មនុស្សច្រើនជាង ៨,០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនរបស់លោក។ នេះបើតាមអ្វីដែលមាននៅក្នុងរបាយការណ៍របស់ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរបស់ UN៕