(សេអ៊ូល)៖ បន្ទាប់ពីការជួបប្រជុំនៃក្រុមប្រឹក្សាភិបាលអស់ជាច្រើនម៉ោង នៅទីបំផុតក្រុមហ៊ុន Lotte Group បានយល់ព្រមទៅលើកិច្ចព្រមព្រៀងលក់ទីលានវាយកូនហ្គោលរបស់ខ្លួន ឱ្យទៅរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់តម្លើងប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់អាមេរិក THAAD ហើយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅព្រឹកថ្ងៃចន្ទនេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉ខាងត្បូង លោក មូន សាងឃ្យុន (Moon Sang-kyun) បានឱ្យដឹងថាក្រុមហ៊ុន Lotte នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដើម្បីពិភាក្សា និងធ្វើសម្រេចចិត្តលើកិច្ចព្រមព្រៀងលក់ទីតំាងវាយកូនហ្គោលមួយកន្លែង ស្ថិតនៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើងជាទីដែល THAAD នឹងត្រូវដាក់ពង្រាយសំដៅទប់ស្កាត់រាល់ការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង។ បន្ថែមពីលើនេះ លោក មូន ក៏បានបញ្ជាក់ឡើងវិញដែរថា THAAD នឹងត្រូវដាក់ពង្រាយតាមការគ្រោងទុក នៅក្នុងឆ្នាំនេះ បើទោះជាមានការជំទាស់ពីចិន និងរុស្ស៊ីក៏ដោយ។
គួរបញ្ជាក់ថាបើទោះជាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានអះអាងជាច្រើនដងថា ការដាក់ពង្រាយ THAAD មានគោលដៅតែមួយគត់ទៅលើការពារឥទ្ធិពលអាក្រក់នៃទីក្រុងព្យុងយ៉ាងក៏ដោយក៏ចិន និងរុស្ស៊ី នៅតែជំទាស់ដោយពួកគេយល់ថា រ៉ាដានៃប្រព័ន្ធខែលការពាមីស៊ីលនេះ គឺជាការគំរាមកំហែងយ៉ាង ខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន៕