(ហ្សាការតា)៖ សម្រាប់ការកំណត់មុខសញ្ញាដំបូង អាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ការសង្ស័យទៅលើក្រុមភេរវករជាបណ្តាញនៃក្រុមរដ្ឋអ៊ីស្លាម ISIS ខណៈអង្គភាពប្រឆាំងភេរវកម្មនៅថ្ងៃចន្ទនេះ បានធ្វើការចាប់ខ្លួនភេរវករម្នាក់ បន្ទាប់ពីជនដៃដល់រូបនោះបានបំផ្ទុះគ្រាប់បែកមួយគ្រាប់ ហើយដុតបំផ្លាញអគារការិយាល័យស្រុកមួយកន្លែងនៅទីរួមខេត្ត West Java។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសខេត្ត West Java លោក Anton Charlian បានឲ្យដឹងថា «ជនសកម្មប្រយុទ្ធបង្កហេតុត្រូវបានឃាត់ខ្លួនហើយ និងបានទទួលរងរបួសជាដំណំផងដែរ។ ម៉្យាងវិញទៀតពួកយើងបានតាមដានសកម្មភាពរបស់ជនដៃដល់រូបនេះ ហើយគេគឺជាសមាជិកនៃក្រុមភេរវករមួយក្រុម (ISIS) ដែលត្រូវអាជ្ញាធរម៉ាឡេស៊ីចាត់ថ្នាក់ជាបណ្តាញក្រុមភេរវករចាស់មួយ»។ លោក Anton Charlian បានគូសបញ្ជាក់ថាគ្រាប់បែកដែលត្រូវបានបំផ្ទុះពុំសូវជាមានអានុភាពប៉ុន្មានឡើយ ហើយក្រុមប៉ូលិសបានដកហូតកាំភ្លើងមួយដើម និងកាបូបបន្ទាប់ពីឃាត់ខ្លួនជនសកម្មប្រយុទ្ធរូបនោះ។
គួរបញ្ជាក់ថាជនដៃដល់ខាងលើបានបំផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ក្នុងចំណោមពីរគ្រាប់ នៅឯសួនច្បារ Pandawa ក្នុងទីក្រុង Bandung នៃខេត្ត West Java នាវេលាម៉ោងប្រមាណ ៩៖០០នាទីព្រឹកថ្ងៃចន្ទនេះ ហើយក្រោយការវាយប្រហារភ្លាមៗ ជនរូបនោះក៏បានរត់គេចខ្លួនទៅកាន់ការិយាល័យមួយកន្លែងដែលស្ថិតនៅក្បែរនោះ និងបានដុតបំផ្លាញអគារនោះចោល។ ដោយឡែកពុំទាន់មានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់ឬមួយក៏របួសដែរឬយ៉ាងណាឡើយនៅក្នុងហេតុការណ៍នេះ៕