(វ៉ាស៊ីនតោន)៖ អង្គការរវេទិកាសកម្មភាពរបស់អាមេរិក (Americain Action Forum ឬ AAF) បានវាយម្លៃថា រដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹងត្រូវចំណាយប្រាក់រហូតដល់ទៅជាង ៥០០ពាន់លានដុល្លារអាមេរិក ដើម្បីបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ទំាងអស់ជិត១១លាននាក់ចេញពីសហរដ្ឋអាមេរិក ហើយនឹងចំណាយពេល២០ឆ្នាំ។ នេះបើតាមកាសែតអង់គ្លេស The Independent ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម AAF ការចំណាយប្រាក់ដ៏មហិមាលើគោលនយោបាយអន្តោប្រវេសន៍របស់ លោក ត្រាំ គឺរាប់បញ្ចូលទំាងការបង្កើតគោលការណ៍បទបញ្ញតិ ការតតំាងគ្នាតាមផ្លូវតុលាការ ការឃុំខ្លួន និងការដឹកជញ្ជូនជាដើម។ មិនតែប៉ុណ្ណោះដំណើរការបណ្ដេញជនអន្តោប្រវេសន៍ អាចចំណាយ ពេលដល់ទៅ២០ឆ្នាំឯណោះ។ ជាងនេះទៅទៀត AAF ក៏បានបញ្ជាក់ដែរថា គោលនយោបាយអន្តោប្រវេសន៍នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិក ជាពិសេសនោះគឺ ពាក់ព័ន្ធនឹងការចាកចេញរបស់បុគ្គលិក ឬអ្នកធ្វើការនៅក្នុងវិស័យកសិកម្ម សំណង់ និងសុខាភិបាល ដែលសុទ្ធសឹងតែជាវិស័យពឹងផ្អែកស្ទើរតែទំាងសុ្រង លើជនអន្តោប្រវេសន៍ខុសច្បាប់។
គួរបញ្ជាក់ថាដោយសារតែគោលនយោបាយអន្តោប្រវេសន៍របស់ លោក ដូណាល់ ត្រាំ បានធ្វើឱ្យសង្គមអាមេរិកប្រឈមមុខនឹងការបាក់បែកនយោបាយផ្ទៃក្នុង ដោយប្រជាជនអាមេរិកមួយចំនួនយល់ថាអន្តោប្រវេសន៍បានបង្កភាពស្មុគស្មាញ និងដណ្ដើមការងាររបស់ពួកគេ រីឯអ្នកខ្លះទៀតគិតថាពួកគេបានជួយឱ្យសេដ្ឋកិច្ចអាមេរិករីកចំរើន៕