(ប៉េកាំង)៖ ក្រុងអ្នកវិទ្យាសាស្រ្តរបស់ចិនកំពុងតែបំពេញការងារប្រកបដោយឆន្ទៈខ្ពស់ក្នុងការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្ត និងអវកាសនៅក្នុងទសវត្សរ៍ខាងមុខនេះ ដោយពួកគេមានគោលបំណងបញ្ចូនយាន ទៅកាន់ផ្នែកងងឹតនៃព្រះច័ន្ទនៅក្នុងឆ្នាំ២០១៨ បន្ទាប់មកនឹងធ្វើដំណើរទៅកាន់ភពអង្គារឲ្យបានមុនចុងទសវត្សរ៍ឆ្នាំ២០២០។ នេះបើយោងតាមប្រភពព័ត៌មានអាមេរិក CNN ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះទីភ្នាក់ងារអវកាសរបស់ចិន បានធ្វើសន្និសីទកាសែតដ៏ធំមួយ ដើម្បីផ្សព្វផ្សាយនូវគោលការណ៍ដ៏សំខាន់ៗ ព្រមទាំងមហច្ឆិតាដ៏មហិមារបស់រាជរដ្ឋាភិបាលក្នុងការសិក្សាស្រាវជ្រាវអំពីលំហអាកាសឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លោក Wu Yanhua នាយរងរដ្ឋបាលអវកាសជាតិ បាននិយាយថា ចិនមានគោលបំណងបង្ហោះយានអង្កេតភពអង្គារដំបូងគេបង្អស់របស់ពួកគេនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០២០ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងប្រមូលភស្តុតាងផ្សេងៗដែលមាននៅលើភពក្រហមនេះ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការពិនិត្យ និងវិនិច្ឆ័យ។
ម្យ៉ាងវិញទៀតលោក Wu Yanhua បានបន្តទៀតថាក្រៅពីទៅសិក្សាស្រាវជ្រាវអំពីភពអង្គារ ចិននឹងបញ្ចូនយានទៅរុករក និងធ្វើការអង្កេតអំពីភពផ្សេងៗទៀត ដែលនៅក្នុងនោះរួមមានភពព្រហស្បតិ៍ និងព្រះច័ន្ទរបស់វាជាដើម។ ជាមួយគ្នានេះដែរ លោក Wu Yanhua បានបញ្ជាក់ថា «ឆន្ទៈដ៏ធំបំផុតនៅក្នុងបេសកកម្មខាងមុខនេះ គឺ ដើម្បីឲ្យចិនក្លាយជាភ្នាក់ងារអវកាសសំខាន់ និងប្រកបដោយសក្តានុពលមួយនៃពិភពលោក។»
គួរបញ្ជាក់ថាប្រទេសដែលមានយានចុះចត និងផ្កាយរណបស្រាវជ្រាវច្រើនជាងគេនៅភពអង្គារ នោះគឺសហរដ្ឋអាមេរិក ហើយសហគមន៍អឺរ៉ុបក៏ទើបតែបានហែកប្រាក់ ១ពាន់លានដុល្លារចោល ដោយសារតែការផ្ទុះឆេះយានរុករកមួយកាលពីឆ្នាំមុននៅលើភពអង្គារផងដែរ។ ក្រៅពីនេះប្រទេសឥណ្ឌាបានសម្រេចជោគជ័យរួចទៅហើយក្នុងការបញ្ជូនផ្កាយរណបទៅថតរូបភាព និងបកស្រាយអាថ៌កំបាំងនៅភពអង្គារ ខណៈប្រទេស អេមីរ៉ាត់ អារ៉ាប់រួម មានគំរោងយក្សនៅ១០០ឆ្នាំទៀត គឺកសាងទីក្រុងលើភពក្រហមនោះ៕