(ម៉ូស្គូ)៖ ចាប់តាំងតែពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការកាលពីខែមករាមក ទាំងសហរដ្ឋអាមេរិក និងប្រទេសចិន បានខិតខំប្រឹងប្រែងបង្កើនឥទ្ធិពលកងទ័ពជើងទឹកយ៉ាងសម្បើមរៀងៗខ្លួន ហើយប្រទេសទាំងពីរបានលើកយកការភ័យព្រួយបារម្ភ អំពីការកើនឡើងនៃអំណាចយោធាផ្លូវទឹករបស់ភាគីម្ខាងៗមកធ្វើជាហេតុផល។ តើនេះគឺជាការប្រកួតប្រជែងផ្នែកសព្វាវុធថ្មីមួយទៀតឬ រវាងមហាយក្សទាំងពីរនេះ? នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានជាច្រើន ចិនគ្រោងនឹងផ្គត់ផ្គង់ថវិកាជាច្រើនសម្រាប់យោធាជើងទឹករបស់ប្រទេស ស្របពេលដែលខ្លួនព្យាយាមរក្សាតុល្យភាពនៃការគំរាមកំហែងរបស់អាមេរិកនៅលើផ្ទៃសមុទ្រជាពិសេសនោះគឺតំបន់សមុទ្រចិនខាងត្បូងតែម្តង។ ម៉្យាងវិញទៀតនេះហើយគឺជាអ្វីដែលយោធាជើងទឹកអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដូចគ្នាជាមួយផែនការរបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃការបង្កើននាវាយោធាឲ្យបានចំនួន៣៥០គ្រឿងថ្មី ដើម្បីទប់ទល់ការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ចិន។ ជាមួយគ្នានេះមន្រ្តីទូតម្នាក់ដែលមកប្រទេសមួយនៅតំបន់អាស៊ីបានឲ្យដឹងថា «ចិនមានការព្រួយបារម្ភថាលោក ត្រាំ អាចនឹងបង្កគ្រោះថ្នាក់ណាមួយដល់ពួកគេនាពេលអនាគត»។
ដោយឡែកនៅអំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ របាយការណ៍សំខាន់យ៉ាងហោចណាស់ចំនួនបី ដែលធ្វើការវិភាគទៅទិដ្ឋភាពនៃអនាគតរបស់យោធាជើងទឹកអាមេរិក ត្រូវបានចេញផ្សាយ ហើយរបាយការណ៍មួយនៅក្នុងចំណោមនោះ ដែលត្រូវបានរៀបចំឡើងដោយអ្នកជំនាញមួយរូបខាងផ្នែកកិច្ចការយោធាជើងទឹកឈ្មោះថា Ronald O'Rourke បានលើកឡើងចំៗថា ការបង្កើនឥទ្ធិពលយោធាជើងទឹករបស់ចិន គឺជាការគំរាមកំហែងដ៏សំខាន់បំផុតមួយ ចំពោះកម្លាំងយោធាជើងទឹករបស់សហរដ្ឋអាមេរិក។ លោក O'Rourke បានសង្កត់ធ្ងន់ថា ការកើននៃសកម្មភាពកងទ័ពជើងទឹករបស់ចិនក៏ដូចជារុស្ស៊ី នៅសមុទ្រម៉េឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិក គឺជាហេតុផលសម្រាប់ការបង្កើនចំនួននាវាចម្បាំងអាមេរិក។
គួរបញ្ជាក់ថាទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយផ្ទាល់ថាសេតវិមាននឹងគោរពតាម «គោលនយោបាយចិនតែមួយ» ដែលទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិនយ៉ាងណាក្តី ពេលនេះទីក្រុងវ៉ាស៊ីនតោនបានងាកទៅបង្កើនសាច់ដុំក៏ដូចជាឥទ្ធិពលនៃកងទ័ពជើងទឹករបស់ខ្លួន នៅឯតំបន់សមុទ្រខាងចិនខាងត្បូងវិញ។ ប្រការហេតុនេះយើងទំនងជាអាចនឹងឃើញការប្រកួតប្រជែងសព្វាវុធថ្មីមួយទៀតនាពេលអនាគត ដែលស្រៀងទៅនឹងសហរដ្ឋអាមេរិក និងសហភាពសូវៀតកាលពីចុងសតវត្សរ៍ទី២០៕