(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Lotte Group នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាលើគំរោងស្នើសុំទិញទីលានវាយកូនហ្គោលពីរដ្ឋាភិបាល ទុកសម្រាប់តម្លើងប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉ខាងត្បូង លោក មូន សាងឃ្យុន (Moon Sang-kyun) បានឱ្យដឹងថា លោកបានទទួលដំណឹងថាក្រុមហ៊ុន Lotte នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដើម្បីពិភាក្សា និងធ្វើសម្រេចចិត្តលើកិច្ចព្រមព្រៀងលក់ទីតំាងវាយកូន ហ្គោលមួយកន្លែងស្ថិតនៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើងជាទីដែល THAAD នឹងត្រូវដាក់ពង្រាយសំដៅទប់ស្កាត់រាល់ការគំរាមកំហែងសំណាក់កូរ៉េខាងជើង។ បន្ថែមពីលើនេះ លោក មូន ក៏បានបញ្ជាក់ឡើងវិញដែរថា THAAD នឹងត្រូវដាក់ពង្រាយតាមការគ្រោងទុកនៅក្នុងឆ្នាំនេះ បើទោះជាមានការជំទាស់ពីចិន និងរុស្ស៊ីក៏ដោយ។
គួរបញ្ជាក់ថាបើទោះជាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានអះអាងជាច្រើនដងថា ការដាក់ពង្រាយ THAAD មានគោលដៅតែមួយគត់ទៅលើទីក្រុងព្យុងយ៉ាងក៏ដោយ ក៏ចិន និងរុស្ស៊ីនៅតែជំទាស់ដោយពួកគេយល់ថា រ៉ាដានៃប្រព័ន្ធខែលការពាមីស៊ីលនេះ គឺជាការគំរាមកំហែងយ៉ាង ខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន៕