(ប៊ូណូ អារ៉ែស)៖ ប្រជាជននៅប្រទេសអាហ្សង់ទីនបានសប្បាយរីករាយ និងភ្ញាក់ផ្អើលចំពោះបាតុភូតសូរ្យគ្រាស ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិកខាងត្បូង) ដោយពួកគេបានប្រើប្រាស់ឧបករណ៍ជាច្រើនដូចជា កែវយឺត, តេឡេស្កូប, និងវ៉ែនតាការពារពន្លឺ ដើម្បីទស្សនាបាតុភូតអាកាសដ៏អស្ចារ្យនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
សូរ្យគ្រាសគឺជាបាតុភូតមួយក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ កើតឡើងដោយសារតែគន្លងគោចររបស់ព្រះច័ន្ទ មកចំចម្លោះរវាងផែនដី និងព្រះអាទិត្យ ដែលជាហេតុធ្វើឲ្យស្រមោលរបស់ព្រះច័ន្ទជះទៅលើតំបន់មួយចំនួនរបស់ភពផែនដី បង្កជាការងងឹត។ ការងងឹតនោះក៏មានបែងចែកជាច្រើនកម្រិតផងដែរ ហើយដោយឡែកតំបន់ដែលងងឹតទាំងស្រុងនោះ គឺជាតំបន់ដែលស្ថិតចំខ្សែបន្ទាត់ត្រង់រវាងផែនដី ព្រះច័ន្ទ និងព្រះអាទិត្យតែម្តង។
គួរបញ្ជាក់ថាសូរ្យគ្រាសលើកនេះ បានកើតឡើងនៅតំបន់អាមេរិកឡាទីន ដោយនៅក្នុងនោះប្រទេសអាហ្សង់ទីន នៅតំបន់រដ្ឋធានី ប៊ូណូ អារ៉ែស តែម្តងសូរ្យគ្រាសបានកើតឡើងពេញលេញស្ទើរ ១០០ភាគរយ ដែលភ្ញៀវទេសចរ ប្រជាជន និងអ្នកប្រមាញ់បាតុភូតអាកាសជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីទស្សនា និងផ្តិតយកទិដ្ឋភាព ដែលបានកើតឡើងកាលពីវេលាម៉ោង ១៥៖១៥នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ៕