(វ៉ាស៊ីនតោន)៖ អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិកបានលើកឡើងថា គ្រប់សញ្ញាទាំងអស់បានចង្អុលបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង គឺជាអ្នកនៅពីក្រោយខ្នងនៃការលួចធ្វើឃាតលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានកំណត់ថា អាវុធគីមីដែលគេហាមឃាត់ ត្រូវបានប្រើប្រាស់ដើម្បីនៅក្នុងករណីឃាតកម្មដ៏កក្រើកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បួង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក John Brennan ដែលបានបម្រើការងារជានាយកទីភ្នាក់ងារ CIA អាមេរិករហូតដល់ខែមករាកន្លងទៅនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា សារធាតុពុលគីមីម៉្យាងមានឈ្មោះថា VX ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់លោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោក Brennan បានថ្លែងដូច្នេះថា «ការប្រើប្រាស់សារធាតុគីមី VX នេះប្រឆាំងនឹងបងប្រុសរបស់ខ្លួន ហើយច្បាស់ណាស់រាល់សញ្ញាទាំងអស់បាន និងកំពុងចង្អុលបង្ហាញថាលោក គីម ជុងអ៊ុន គឺជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ គឺជាឧទាហរណ៍មួយផ្សេងទៀតនៃការប្រើប្រាស់ថ្នាំពុលប្រភេទទាំងនេះ ដើម្បីសម្រេចគោលដៅរបស់លោក»។ អតីតប្រធាន CIA រូបនេះបានបន្តថា ការប្រើប្រាស់សារធាតុពុល VX ក៏បានស្តែងឲ្យឃើញដែរថាប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងរូបនេះ នៅតែបន្តប្រើប្រាស់មធ្យោបាយឃោរឃៅ ដើម្បីកម្ចាត់គូប្រជែងផ្ទៃក្នុងនៃរបបដឹកនាំរបស់ខ្លួន ឬមួយក៏បុគ្គលទាំងឡាយណាដែលខ្លួនមិនពេញចិត្ត។
គួរបញ្ជាក់ថាដើម្បីពង្រឹងក៏ដូចជាធានាឲ្យបាននូវអំណាចកាន់កាប់របស់ខ្លួនចាប់តាំងពីពេលឡើងស្នងតំណែងបន្តពីឪពុកគឺអតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីលកាលពីចុងឆ្នាំ២០១១ លោក គីម ជុងអ៊ុន ធ្លាប់បានបង្គាប់បញ្ជាឲ្យមានការសម្លាប់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលក៏ដូចជាយោធាជាច្រើនរូប រួមទាំងការសម្លាប់ពូបង្កើតរបស់ខ្លួនគឺលោក Jang Song-Thaek កាលពីឆ្នាំ២០១៣ផងដែរ៕