(គូឡាឡាំពួរ)៖ របាយការណ៍ថ្មីរបស់ក្រុមប៉ូលិសស៊ើបអង្កេតពិសេសរបស់ម៉ាឡេស៊ី និងតាមការធ្វើកោសល្យវិច័យពីមន្ទីរពេទ្យបានឲ្យដឹងថា លោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលរងការឈឺចាប់រយៈពេលតែ ២០នាទីប៉ុណ្ណោះ ក្រោយស្ត្រីពីរនាក់ធ្វើការបាញ់ថ្នាំពុល VX នៅចំផ្ទៃមុខរបស់លោក ហើយលោកបានក៏ទទួលមរណៈភាពតែម្តង។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីលោក Subramaniam បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា «អ្វីដែលក្រុមស៊ើបអង្កេតបានរកឃើញនោះ គឺមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បងប្រុសមេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានសម្លាប់ជាមួយនឹងសារធាតុពុល VX រាវ។ លោក គីម បានស្លាប់នៅក្នុងរថយន្តសង្គ្រោះ ហើយលោកមានការឈឺចាប់ខ្លាំងណាស់នៅក្នុងបន្ទប់គ្លីនិក។ ចាប់ពីពេលដែលលោកត្រូវបានបំពុលនោះ គឺលោកបានស្លាប់បន្ទាប់ពីរយៈពេល ១៥នាទី ទៅ២០នាទីប៉ុណ្ណោះ។ គេត្រូវការសារធាតុ VX តែ ១០មីលីក្រាមប៉ុណ្ណោះដែលអាចជ្រៀតចូលក្នុងរាវកាយបានយ៉ាងសាហាវ»។
គួរបញ្ជាក់ថាមកទល់នឹងពេលនេះ អាជ្ញាធរម៉ាឡេស៊ីនៅតែអំពាវនាវឲ្យមន្ត្រីទូតកូរ៉េខាងជើងធ្វើការសហការគ្នាក្នុងការស៊ើបអង្កេត ប៉ុន្តែកូរ៉េខាងជើងមិនព្រមនោះឡើយ ដោយបានចោទម៉ាឡេស៊ីកំពុងតែបង្កើតរឿងទាំងឡាយឡើងមក ដោយរួមគំនិតជាមួយកូរ៉េខាងត្បូង ហើយអ្នកស្លាប់នោះគឺមិនមែនជាលោក គីម ជុងណាំ នោះឡើយ។ ទោះបីជាបែបនេះក្តី អាជ្ញាធរម៉ាឡេស៊ីធ្លាប់បានព្រមានកាលពីសប្តាហ៍មុននេះថានឹងប្រើប្រាស់កម្លាំងបង្ខំមន្ត្រីទូតរូបនោះឲ្យរួមសហការប្រសិនបើគ្មានជម្រើសអ្វីទៀត៕