(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវថ្លែងសារនៅចំពោះមុខសភាអាមេរិក នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ខណៈលោកផ្ទាល់កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង សម្រាប់ការប្រើពាក្យសម្ដីធ្ងន់ៗទៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាន និង ស្ថិតនៅក្រោមក្រសែភ្នែកនៃប្រជាជនអាមេរិក ដោយសារតែពាក្យសម្ដីក៏ដូចជាអាកប្បកិរិយារបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានលើកឡើងថា «ខ្ញុំគិតថានេះគឺជាឱកាសមួយសម្រាប់លោក (លោក ត្រាំ) ដើម្បីបង្ហាញពីចក្ខុវិស័យវិជ្ជមានសម្រាប់ប្រជាជាតិ និងឱ្យយើងទំាងអស់គ្នាដឹងឱ្យច្បាស់ថាកន្លែងណាយើងត្រូវទៅ ហើយត្រូវធ្វើដូចម្ដេចទើបអាចទៅដល់គោលដៅរបស់យើង ព្រមទាំងសក្ដានុពលដែលយើងមានក្នុងនាមជាប្រជាជាតិមួយដ៏ខ្លាំង»។
គួររំលឹកថាកាលពីថ្ងៃទី២០ ខែមករា ជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកធ្លាប់បានប្រើប្រាស់ពាក្យ សម្ដីធ្ងន់ៗរិះគន់ទៅលើបណ្ដាញសារព័ត៌មាននៅក្នុងស្រុក។ ដូច្នេះការថ្លែងសាររបស់លោក ត្រាំ នៅពេលនេះ ត្រូវបានប្រជាជនអាមេរិកតាមដានយ៉ាងយកចិត្តទុកដាក់ និងជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ៕