Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនអន្តោប្រវេសន៍ខុសច្បាប់ នៅសហរដ្ឋអាមេរិក កំពុងភ័យបុកពោះនឹងបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ

26-02-2017 18:20

(វ៉ាស៊ីនតោន)៖ បទបញ្ជាថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីជនភៀសខ្លួន បានបង្កជាក្ដីព្រួយបារម្ភជាខ្លាំងសម្រាប់ជន អន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times​ នៅក្នុងសប្ដាហ៍នេះ។

បទបញ្ជាថ្មីនេះ កំពុងក្លាយជាប្រធានបទដ៏រសើបមួយ ខណៈប្រជាជនអាមេរិកមួយចំនួនយល់ថា ក្រុមជនអន្តោប្រវេសន៍បានដណ្ដើមការងារ របស់ពួកគេ រីឯអ្នកខ្លះទៀតគិតថាពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចអាមេរិក។ ជុំវិញបញ្ហានេះដែរថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បាននិយាយថា «អ្នកណាម្នាក់ (ជនអន្តោប្រវេសន៍) ដែលរស់នៅក្នុងប្រទេសមួយនេះ ហើយបានបង្ក ជាការ គំរាមកំហែង ដល់សន្តិសុខសាធារណៈរបស់យើងឬក៏ប្រព្រឹត្តបទឧក្រិដ្ឋ នឹងត្រូវបណ្ដេញចេញមុនគេពី សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា បើតាមបទបញ្ជាថ្មី របស់លោក ដូណាល់ ត្រាំ ក្រសួងសន្តិសុខមាតុភូមិ នឹងធ្វើការពង្រឹងសន្តិសុខ និងការអនុវត្តន៍ច្បាប់នៅតាម តំបន់ព្រំដែន ហើយជនអន្តោប្រវេសន៍គ្មានលិខិតស្នាមត្រឹមត្រូវ ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយ នឹងក្លាយជាគោលដៅនៃការបណ្ដេញចេញពីទឹកដី អាមេរិក។ តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក ចន ឃែលលី (John Kelly) បានសន្យានៅចំពោះមុខមន្ត្រីមិចស៊ីកូថាទីក្រុង វ៉ាស៊ីនតោន នឹងមិនប្រើប្រាស់កម្លាំងយោធា ដើម្បីបណ្ដេញជនអន្តោប្រវេសន៍ ជាលក្ខណៈទ្រង់ទ្រាយធំនោះទេ៕