(កូឡាឡាំពួរ)៖ ស្ត្រីជនជាតិឥណ្ឌូណេស៊ី​​ ដែលកំពុងជាប់ឃុំខ្លួន​នៅប្រទេសម៉ាឡេស៊ី​នៅឡើយ ជុំវិញករណី​ឃាតកម្មលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន តាំងពីថ្ងៃ១៣ ខែកុម្ភៈមក​នោះ បានទទួលប្រាក់ចំនួន ៩០ដុល្លារអាមេរិក ពីក្រុមជនសង្ស័យ​​ដែលបានអះអាងថា ស្ថិតនៅ​ក្នុងកម្មវិធីល្បែងកម្សាន្ត​បំភ័យអារម្មណ៍ ឬ Prank ប៉ុន្តែការពិតវាជាការបោកប្រាស់​សុទ្ធសាធ។ នេះបើតាម​ការលើកឡើង​របស់អាជ្ញាធរ​ឥណ្ឌូណេស៊ី ដែលត្រូវបានដកស្រង់​និងចេញផ្សាយដោយ​សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្តិ៍ នារសៀល​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមរយៈអត្ថន័យខាងលើនេះគឺរដ្ឋាភិបាលឥណ្ឌូណេស៊ីចង់បញ្ជាក់ថា ជនជាតិរបស់ខ្លួនក៏ជាជនរងគ្រោះ​ផងដែរដោយសារតែការ​បោកបញ្ឆោត ហើយរូបនាង​ក៏មិនបានដឹងថា​ ទាំងនោះជាការរៀបចំ​ដើម្បី​ធ្វើឃាត​នរណាម្នាក់​នោះដែរ។

ករណីឃាតកម្ម​លើលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី​អះអាងថា មានការ​ចូលដៃ​ពីមន្ត្រីទូត​កូរ៉េខាងជើង និងជនជាតិកូរ៉េខាងជើង​មួយចំនួនទៀត ខណៈសារធាតុគីមី VX ដែលត្រូវ​បានគេជឿ​ជាក់ថា​បានបំពុលលោក គីម នោះក៏កំពុងត្រូវបាន​សមត្ថកិច្ចម៉ាឡេស៊ី​ស៊ើបអង្កេត​រកប្រភព​ឲ្យបានល្អិតល្អន់​ផងដែរ៕