(កាប៊ុល)៖ កូនក្មេងសិស្ស​សាលាយ៉ាងតិច​ណាស់ចំនួនពីរនាក់​ត្រូវគេបញ្ជាក់ថា បាត់បង់ជីវិត និងពីរនាក់​ផ្សេងទៀត​​ទទួលរងរបួស​យ៉ាង​​ដំណំ នៅក្នុងហេតុការណ៍​បាញ់គ្រាប់ផ្លោង​យ៉ាងព្រៃផ្សៃ​មួយ​ចូលទៅក្នុង​សាលារៀន​របស់ពួកគេ ដែលស្ថិត​ខេត្ត Laghman ភាគខាងកើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើ​តាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះបន្តិច​នារសៀល​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសម្តី​របស់អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្ត Langhman លោក Sarhadi Zawak ថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មានថា ​​ការវាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​ខាងលើនេះ ត្រូវបានធ្វើ​ឡើងដោយ​ក្រុមសកម្មប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល នៅវេលា​ម៉ោង ១១៖០០ព្រឹកថ្ងៃសៅរ៍នេះ (​ពេលវេលា​នៅ​អាហ្វហ្គានីស្ថាន) ហើយវា​បានធ្លាក់ចំ​សាលារៀន​មួយកន្លែង នៅក្រៅ​ទីក្រុង Mehtarlam ​និងបានផ្តាច់​យកជីវិតកូនក្មេង​សិស្ស​សាលាស្លូតត្រង់ចំនួនពីរនាក់​នៅនឹងកន្លែង និងបណ្តាលឲ្យពីរនាក់ផ្សេង​រងរបួស​ក្នុងនោះមានកូនសិស្សម្នាក់​ និងគ្រូបង្រៀន​ម្នាក់ទៀត។

គួរបញ្ជាក់ថា ជនរងរបួសទាំងពីរនាក់​នោះ​ត្រូវបាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ជាបន្ទាន់​ហើយ​ ដើម្បីទទួល​ការព្យាបាល ខណៈក្រុម​ឧទ្ទាមតាលីបង់​​ដែលជាក្រុមមាន​សកម្មភាព​ដ៏មមាញឹកនៅ​តាមផ្នែកនៃខេត្ត Laghman មិនទាន់បាន​ចេញមុខអះអាង​ថា​ ជាអ្នកនៅពីក្រោយ​​ហេតុ​ការណ៍​​ដ៏​ឃោ​ឃៅមួយនេះ​នៅឡើយទេ៕