(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើចំណាត់ការថ្មីមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) សំដៅដើម្បីធ្វើការផ្លាស់ប្តូរច្បាប់ស្តីពីវិស័យគ្រប់គ្រងធនធានទឹកដ៏សំខាន់មួយរបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងបង្គាប់ឲ្យទីភ្នាក់គាំពារបរិស្ថានអាមេរិក (EPA) ដកចេញនូវបទបញ្ជាស្តីពីវិស័យធនធានទឹក WOTUS ដែលធ្វើការពង្រឹកផ្លូវទឹកនានាមួយចំនួន ដែលស្ថិតក្រោមការការពារសហព័ន្ធរបស់ច្បាប់ Clean Water Act។ បទបញ្ជានេះត្រូវបានដាក់ចេញដោយទីភ្នាក់ងារ EPA និងអង្គភាពវិស្វកម្មនៃកងទ័ពជើងគោកអាមេរិកកាលខែឧសភា ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានរារាំងដោយសាលាឧទ្ធរណ៍សហព័ន្ធ ដែលបានធ្វើឲ្យរឿងនេះមានការប្រឈមមុខដាក់គ្នាបន្តទៀតនៅតុលាការ។
គួរបញ្ជាក់ដែរថា បទបញ្ជាស្តីពីការពីវិស័យធនធានទឹកខាងលើ បានទទួលរងការជំទាស់ជាខ្លាំងពីសំណាក់ក្រុមអ្នកសាធារណរដ្ឋនៅក្នុងសភាជាតិអាមេរិក ក៏ដូចជាប្រជាកសិករព្រមទាំងក្រុមហ៊ុនផលិតថាមពល។ ក្រុមអ្នករិះគន់បានលើកឡើងថា បទបញ្ជានេះធ្វើការពង្រីកវិសាលភាពរបស់រដ្ឋាភិបាលសហព័ន្ធ និងអាចអនុវត្តន៍លើប្រឡាយក៏ដូចជាផ្លូវទឹកដាច់ស្រយ៉ាលតូចៗបាន។ ដោយឡែកទីភ្នាក់ងារគាំពារបរិស្ថានអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក អូបាម៉ា បានបញ្ជាក់ថាបទបញ្ជានេះគឺជាការការពារប្រភពទឹកនានាដែលស្ថិតនៅក្បែរទន្លេ ឬបឹង៕