(វ៉ាស៊ីនតោន)៖ រូបភាពដែលទើបថតបានពីផ្កាយរណប នឹងត្រូវបានបង្ហោះដោយវែបសាយ 38North បានបង្ហាញអំពីសកម្មភាពមួយចំនួន នៅតំបន់ដែលកូរ៉េខាងជើងទុកសម្រាប់ធ្វើតេស្តអាវុធុនុយក្លេអ៊ែរដែលអ្នកជំនាញតាមដានរឿងកូរ៉េខាងជើងសង្ស័យថា ទីក្រុងព្យុងយ៉ាងពិតជាកំពុងរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីទៀតហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបភាពដែលថតបានពីផ្កាយរណប គឺតំបន់ធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើងដែលបានបង្ហាញពីសកម្មភាពគួរឲ្យកត់សម្គាល់មួយចំនួននៅតាមទីតាំង ដែលមើលទៅគឺជាការត្រៀមបំពាក់ឧបករណ៍នានា រួមជាមួយសកម្មភាពសម្ងាត់ៗមួយចំនួនទៀត។ ប្រសិនបើមានបញ្ជាមែននោះ កូរ៉េខាងជើងនឹងអាចធ្វើតេស្តនុយក្លេអ៊ែរពេលណាក៏បាន ប៉ុន្តែគេមិននៅមិនទាន់អាចប៉ាន់ស្មានថាពេលណាឲ្យប្រាកដនោះឡើយ។ នេះបើតាមការផ្សាយក្នុងវែបសាយ 38North។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្ននេះ កំពុងតែពោរពេញទៅដោយបញ្ហាគ្រប់ជំពូក ពាក់ព័ន្ធនឹងទណ្ឌកម្មពីអង្គការសហប្រជាជាតិ, ការគំរាមកំហែងអាមេរិក, ទំនាក់ទំនងរកាំរកូសជាមួយចិន, និងជាពិសេសគឺអំពើឃាតកម្មលើលោក គីម ជុងណាំ ដែលកូរ៉េខាងជើងចោទថាជាទង្វើរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ ប្រសិនបើលើកនេះកូរ៉េខាងជើង បង្ខំធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរមែននោះ វាប្រាកដជាការទាក់ទាញបញ្ហាមកគ្របសង្កត់រដ្ឋដ៏ឯកោមួយនេះបន្ថែមទៀតជាក់ជាមិនខាន៕