(អាមេរិក)៖ វិស័យសារព័ត៌មាននៅសហរដ្ឋអាមេរិកពេលនេះ បានធ្លាក់ចូលក្នុងភាពក្តៅគគុកបន្ថែមទៀតដោយសេតវិមានអាមេរិកបានចេញបំរាម «ហាមអ្នកសារព័ត៌មាន CNN និងសារព័ត៌មានធំៗមួយចំនួនទៀតដូចជា New York Times» ជាដើម មិនឲ្យចូលក្នុងកម្មវិធីបទសង្ខេបព័ត៌មានប្រចាំថ្ងៃនោះឡើយ ហើយដោយឡែកអ្នកសារព័ត៌មានមួយចំនួនទៀត ត្រូវបានសេតវិមានជ្រើសរើសយកដោយខ្លួនឯងទើបអាចចូលយកព័ត៌មានបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ការសម្រេចរបស់សេតវិមានខាងលើនេះ ត្រូវបាន CNN ចេញផ្សាយថា ជារឿងដែលមិនអាចនឹកស្មានដល់សម្រាប់សង្គមសម័យទំនើបបែបនេះ ហើយវាក៏នឹងបង្កភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតផងដែរ រវាងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មានទាំងឡាយ។ សម្រាប់សារព័ត៌មានធំៗដែលបានរងការហាមឃាត់ខាងលើនេះមានដូចជា CNN, The New York Times, the Los Angeles Times, Politico, BuzzFeed, the BBC និង the Guardian ផងដែរ។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ធ្ងន់ៗទៅលើសារព័ត៌មានទាំងឡាយខាងលើនេះ តាំងតែពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់លោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ លោក ត្រាំ ក៏ធ្លាប់បានទាស់ពាក្យសម្តីជាមួយអ្នកសារព័ត៌មាន CNN ផងដែរនៅក្នុងការជួបជុំក្រុមអ្នកសារព័ត៌មាននៅថ្ងៃបន្ទាប់នៃការឡើងកាន់តំណែងរបស់លោក ដោយលោកបានចោទសារព័ត៌មានទាំងនោះថា «មិនដែលសរសេរអ្វីល្អពីលោក និងជាសត្រូវរបស់ប្រជាជនអាមេរិកទាំងអស់»៕