(បាកដាដ)៖ យន្តហោះចម្បាំងមួយចំនួនរបស់កងទ័ពអាកាសអ៊ីរ៉ាក់ បានបើកការវាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងទឹកដីប្រទេសស៊ីរីជាលើកដំបូង ដើម្បីជាការសងសឹកទៅនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុននៅទីក្រុងបាកដាដ ដែលបានបណ្តាលឲ្យប្រជាជនអ៊ីរ៉ាក់ជាច្រើននាក់ស្លាប់ និងរងរបួស។ នេះបើតាមការដកស្រង់សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ដោយ Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
កងទ័ពអ៊ីរ៉ាក់បានបើកការវាយប្រហារខាងលើនេះ ទៅលើតំបន់ព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ហើយប្រតិបត្តិការនេះក៏មានកិច្ចសហការជាមួយទីក្រុងដាម៉ាស់ផងដែរ។ ដោយឡែកងាកមកកាន់ទីក្រុងម៉ូស៊ុល ដែលជាមូលដ្ឋានស្នូលរបស់ក្រុម ISIS វិញក៏កំពុងតែត្រូវបានកងទ័ពអ៊ីរ៉ាក់វាយរំដោះជាបណ្តើរផងដែរ តាមរយៈការវាយកាន់កាប់មកវិញនូវតំបន់សំខាន់ៗ ដូចជាព្រលានយន្តហោះ និងមូលដ្ឋានទ័ពជាដើម។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក al-Abadi បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «វីរៈបុរសលើដែនអាកាសរបស់យើងបានបើកការវាយប្រហារសងសឹកទៅលើក្រុមភេរវករ ដោយទទួលបាននូវជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើល»។ ការវាយប្រហារត្រូវបានកងទ័ពអ៊ីរ៉ាក់អះអាងថា ធ្វើឡើងទៅលើមូលដ្ឋានផលិតគ្រាប់បែកសម្រាប់បំផ្ទុះលើរថយន្តរបស់ក្រុម ISIS នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់យន្តហោះទំនើប F16 ក្នុងប្រតិបត្តិការ ខណៈអាមេរិកក៏បានជួយក្នុងរឿងនេះដែរ តាមរយៈការផ្តល់ព័ត៌មានសម្ងាត់៕