(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានស្នើយ៉ាងទទូចដល់ចក្រភពអង់គ្លេស ឈប់ធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងតទៀតទៅ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបញ្ចេញរបាយការណ៍ប្រចាំឆមាសចុងក្រោយគេបំផុតស្តីពីហុងកុង ទៅកាន់សភាជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅយប់ថ្ងៃសុក្រម្សិលមិញនេះថា «នៅក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅនេះ គិតចាប់តាំងពីការវិលត្រឡប់មកវិញនៃទីក្រុងហុងកុង រដ្ឋាភិបាលទីក្រុងប៉េកាំងបានខិតខំអនុវត្តន៍យ៉ាងហ្មត់ចត់ចំពោះគោលការណ៍ «ប្រទេសតែមួយប្រព័ន្ធគ្រប់គ្រងពីរ» និង «ប្រជាជនហុងកុងជាអ្នកដឹកនាំទីក្រុងហុងកុង» និងភាពស្វយ័តរបស់ទីក្រុងហុងកុង។ ម៉្យាងវិញទៀតទីក្រុងប៉េកាំងបានគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់មូលដ្ឋានរបស់ប្រទេសយ៉ាងខ្ជាប់ខ្ជួន និងគាំទ្រទាំងស្រុងចំពោះរដ្ឋាបាលគ្រប់គ្រងរបស់ហុងកុង»។
អ្នកនាំពាក្យរូបនេះបានបន្តថា ទីក្រុងហុងកុងនៅតែបន្តបានទទួលស្ថិរភាព និងវិបុលភាពហើយប្រជាជនហុងកុងផ្ទាល់នៅតែមានតែសិទ្ធិក៏ដូចជាសេរីភាពគ្រប់បែបយ៉ាងត្រូវបានចែងនៅក្នុងច្បាប់។ បន្ថែមពីនេះលោក Geng Shuang បានបញ្ជាក់ថាហុងកុងគឺជាតំបន់រដ្ឋបាលគ្រប់គ្រងពិសេសរបស់ចិន ហើយកិច្ចការទាំងឡាយរបស់ទីក្រុងហុងកុង គឺជាកិច្ចការក្នុងស្រុករបស់ប្រទេសចិនដូចគ្នា ដែលគ្មានបរទេសណាមានសិទ្ធិចូលមកលូកលាន់បាននោះឡើយ។
គួរបញ្ជាក់ថាយោងតាមលោក Shuang រដ្ឋាភិបាលអង់គ្លេសតែងតែបានចេញផ្សាយរបាយការណ៍ប្រចាំឆមាសរបស់ខ្លួនមួយស្តីពីបញ្ហាហុងកុងជាប្រចាំចាប់តាំងពីពេលដែលហុងកុងបានចាកចេញ ពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសមកស្ថិតក្រោមប្រទេសចិនវិញ ហើយលោកសុំស្នើឲ្យភាគីអង់គ្លេសបញ្ឈប់ការចេញផ្សាយរបាយការណ៍នេះទៀត និងឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុងទៀតទៅ៕