(ប៉េកាំង)៖ ទីក្រុងប៉េកាំងសង្ឃឹមថានឹងអាចរួមសហការគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ព្រមទាំងទីក្រុងព្យុងយ៉ាង ដើម្បីជួយលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េក៏ដូចជាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Geng Shuang បានថ្លែងយ៉ាងដូច្នេះថា «ដោយផ្អែកលើកម្រិតនៃបញ្ហានុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងជើងសព្វថ្ងៃ តើអ្នកយល់ថាបញ្ហាប្រឈមនេះពិតជាមានភាពងាយស្រួលក្នុងការដោះស្រាយមែនឬ? យើងបាននិយាយជាដដែលៗថា ឬសគល់នៃបញ្ហានេះគឺស្ថិតក្នុងភាពមិនចុះសម្រុងគ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ យើងក៏សង្ឃឹមដែរថាភាគីទាំងពីរអាចចែករំលែកភាពទទួលខុសត្រូវរវាងគ្នា ហើយសហការជាមួយចិនដើម្បីលើកស្ទួយសន្តិភាព និងស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងរយៈមធ្យមចំនួនមួយគ្រាប់ទៅកាន់សមុទ្រប្រទេសជប៉ុន និងបានប្រកាសក្តែងៗថាការធ្វើតេស្តនោះប្រព្រឹត្តទៅដោយជោគជ័យ។ ដោយឡែកការធ្វើតេស្តលើកនេះ និងការបាញ់សាកល្បងជាច្រើនដងនាពេលកន្លងទៅ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់យូអិនផ្ទាល់។ មួយវិញទៀតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងធ្ងន់ៗនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមួយថ្ងៃបន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាងថា កូរ៉េខាងជើងគឺជាការសន្យាដ៏ធំមួយហើយលោក ត្រាំ បានប្តេជ្ញាថានឹងធ្វើចាត់វិធានការឆ្លើយតបទៅវិញដោយសាកសមបំផុត៕