(វ៉ាស៊ីនតោន)៖ ករណីឃាតកម្មនាពេលថ្មីៗនេះទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង បានជះភាពស្រពិចស្រពិលបន្ថែមទៀតទៅលើលទ្ធភាពនៃការបើកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង ហើយនឹងអាចជំរុញសហគមន៍អន្តរជាតិរួមទាំងចិនផងដែររួមគ្នាដាក់សម្ពាធកាន់តែខ្លាំងជាងមុខទៅលើរបបដឹកនាំមួយនេះ។ នេះបើតាមសម្តីរបស់អ្នកជំនាញអាមេរិក ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Harry Krejsa អ្នកស្រាវជ្រាវមួយរូបនៃមជ្ឈមណ្ឌលដើម្បីសន្តិសុខថ្មីអាមេរិក (CNAS) បានថ្លែងថា «ការស្លាប់របស់លោក គីម ជុងណាំ មិនត្រឹមតែការផ្លាស់ប្តូរដ៏ធំមួយនៃល្បែងភូមិសាស្រ្តនយោបាយនោះឡើយ ប៉ុន្តែវាក៏ជាកត្តាដ៏សំខាន់មួយផ្សេងទៀត ដែលធ្វើឲ្យឱកាសនៃបើកកិច្ចចរចាការទូតជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងរលាយសាបសូន្យទៅវិញផងដែរ»។ លោក Krejsa បានបន្ថែមទៀតថា «ទង្វើដ៏សាហាវឃោរឃៅបែបនេះរបស់កូរ៉េខាងជើង មិនអាចកែប្រែអ្វីបានក្រៅពីជំរុញបន្ថែមសហគមន៍អន្តរជាតិ ព្រមទាំងចិនដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់ប្រទេសដ៏ឯកកោមួយនេះ រួបរួមសាមគ្គីគ្នាដើម្បីបង្កើតគំរោងដាក់សម្ពាធកាន់តែខ្លាំងក្លាជាងមុនទៅទៀតលើរបបដឹកនាំរបស់កូរ៉េខាងជើង»។
គួរបញ្ជាក់ថាយោងតាមអាជ្ញាធរប្រទេសម៉ាឡេស៊ី លោក គីម ជុងណាំ ដែលត្រូវជាកូនប្រុសច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ បន្ទាប់ពីត្រូវបានស្រ្តីជនជាតិអាស៊ីពីរនាក់លួចបំពុលដោយសារធាតុគីមីម្យ៉ាងឈ្មោះថា VX។ ជាមួយគ្នានេះប៉ូលិសម៉ាឡេស៊ីបានកំណត់ជនជាតិកូរ៉េខាងជើងចំនួន០៨នាក់ ដោយរួមបញ្ចូលទាំងមន្រ្តីទូតម្នាក់ផងដែរថាជាជនសង្ស័យក្នុងករណីឃាតកម្មនេះ ទោះបីជារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយក៏ដោយ៕