(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ នាពេលឆាប់ៗខាងមុខនេះគឺនៅមុនការគ្រោងទុកឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និបាតស្តីពីសកម្មភាពនយោបាយអភិរក្សលោក ដូណាល់ ត្រាំ បានធ្វើការប្តេជ្ញាចិត្តថា រូបលោកនឹងតែងតែផ្តោតការយកចិត្តទុកដាក់ក៏ដូចជាយកប្រជាពលរដ្ឋអាមេរិកជាសំខាន់ដំបូងគេរហូត ហើយនឹងចាប់ផ្តើមការកសាងជញ្ជាំងព្រំដែនដ៏សែនអស្ចារ្យមួយដែលលោក ត្រាំ ធ្លាប់បានសន្យា។ លោកប្រធានាធិបតីអាមេរិករូបនេះបានថ្លែងថា «តាមពិតទៅការសាងសង់ជញ្ជាំងព្រំដែននេះនឹងចាប់ផ្តើមលេចចេញជារូបរាងនៅពេល ឆាប់ៗនេះ ដោយលឿនជាងកាលបរិច្ឆេទដែលបានគ្រោងទុកឆ្ងាយ»។
គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសលោក Rex Tillerson និងរដ្ឋមន្រ្តីសន្តិសុខជាតិអាមេរិកលោក John Kelly បានជួបពិភាក្សាជាមួយសមភាគីម៉ិចស៊ីកូ ហើយបញ្ហាជុំវិញជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ិកូ ពុំត្រូវបានលើកឡើងនៅក្នុងសន្និសីទរួមរបស់រដ្ឋមន្រ្តីនៃប្រទេសទាំងពីរឡើយ។ ដោយឡែកលោក ត្រាំ ធ្លាប់បានអះអាងជាដដែលថា ការចំណាយទៅលើការសាងសង់ ជញ្ជាំងព្រំដែននេះគឺជាបន្ទុករបស់ភាគីម៉ិចស៊ីកូ ទោះបីមេដឹកនាំម៉ិចស៊ីកូបានប្រកាសឆ្លើយតបជាច្រើនលើកដូចគ្នាថា មិនព្រមនោះឡើយយ៉ាងណាក្តី៕