(ប៉េកំាង)៖ រដ្ឋាភិបាលចិនបានច្រានចោលការដាក់សម្ពាធជាថ្មីម្ដងទៀត ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រើឥទ្ធិពលរបស់ខ្លួនលើមហាមិត្តកូរ៉េខាងជើង ឱ្យឈប់បង្ករឿង និងថែមទាំងអះអាងថាបញ្ហាកំពុងកើតឡើង ជាជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កុំទាញចិនឱ្យប្រឡាក់ប្រឡូក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មរបស់ទីក្រុងប៉េកាំងធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាស៍ជាមួយ Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ចិនអាចដោះស្រាយបញ្ហាអសន្តិសុខបង្កឡើងដោយកូរ៉េខាងជើង បានយ៉ាងងាយស្រួល បើសិនចិនពិតជាចង់ធ្វើវាមែននោះ។ ជុំវិញការលើកឡើងនេះដែរថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានសង្កត់ធ្ងន់ថា «យើងធ្លាប់បាននិយាយជាច្រើនដងមកហើយថា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង គឺជាជម្លោះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ដូច្នេះយើងពិតជាសង្ឃឹមថា ភាគីទំាងពីរ អាចនឹងទទួលខុសត្រូវលើការដើរតួនាទីដែលខ្លួនគួរតែធ្វើ និងធ្វើកិច្ចសហការជាមួយចិនក្នុងលក្ខណៈស្ថាបនាដើម្បីថែរក្សាសន្តិភាព និងស្ថេរភាព ក៏ដូចជាឈានដល់វត្ថុបំណងគ្មានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឧទ្វីបកូរ៉េ»។
គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ទូរទស្សន៍កូរ៉េខាងជើង KCNA បានចេញសេចក្ដីថ្លែងការណ៍មួយ រិះគន់យ៉ាងកម្រលើចិនដោយប្រើពាក្យអ្នកជិតខាងថា មានភាពមិនមានស្មោះត្រង់បន្ទាប់ពីចិនសម្រចចិត្តផ្អាកនំាចូលធ្យូងថ្មពីកូរ៉េខាងជើង។ តែទោះជាបែបនេះក្ដី លោក Geng Shuang គូសបញ្ជាក់ថាទីក្រុងប៉េកាំង នៅតែចង់ធ្វើការងារជាមួយកូរ៉េខាងជើងក្នុងការលើកកម្ពស់ស្ថេរភាព និងសុខមាលភាពនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕