(ដាម៉ាស)៖ ករណីបំផ្ទុះរថយន្តដ៏កក្រើកនៅក្នុងភូមិមួយកន្លែងក្បែរទីក្រុង al-Bab នៃប្រទេសស៊ីរី បានវាយប្រហារចំលើក្រុមឧទ្ទាមស៊ីរី ដែលជាអ្នកប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅថ្ងៃសុក្រនេះដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៦១នាក់ (៥៥នាក់ជាជនស៊ីវិល និង០៦នាក់ជាក្រុមឧទ្ទាម) និងបានបណ្តាលឲ្យជាច្រើននាក់ផ្សេងទៀតរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី ហេតុការណ៍បំផ្ទុះរថយន្តខាងលើបានវាយប្រហារចំលើកម្លាំងសន្តិសុខ និងយោធានៅក្នុងភូមិ Sousian ដែលស្ថិតនៅប្រមាណ ០៨គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុង al-Bab របស់ប្រទេសស៊ីរី និងបានបណ្តាលឲ្យមនុស្សស្លាប់សរុប៦១នាក់ និងជាច្រើននាក់ផ្សេងទៀតបានទទួលរងរបួស។
គួរបញ្ជាក់ថាការវាយប្រហារនេះត្រូវបានធ្វើឡើង បន្ទាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែលក្រុមឧទ្ទាមគាំទ្រដោយតួកគី បានវាយបណ្តេញក្រុម ISIS ចេញពីទីក្រុង al-Bab ដែលជាមូលដ្ឋានឈរជើងចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ រួមជាមួយក្រុងតូចៗមួយចំនួនផ្សេងទៀតរួមមាន Qabasin និង al-Bezah ជាដើមនៅក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ៕