(សេអ៊ូល)៖ យោងតាមរបាយការណ៍របស់អ្នកជំនាញកូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមានអាវុធគីមីរហូតដល់ទៅចំនួន៥,០០០តោន ដោយរួមបញ្ចូលទាំងសារធាធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងការលួចធ្វើឃាតលោក គីម ជុងណាំ ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅក្នុងរបាយការណ៍កាលពីឆ្នាំ២០១៤របស់ខ្លួនថា កូរ៉េខាងជើងបានចាប់ផ្តើមផលិតអាវុធគីមីតាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ហើយបានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាងអាចមានស្តុកអាវុធដ៏គ្រោះថ្នាក់បំផុតនេះពីចំនួនប្រហែល២,៥០០តោនទៅដល់៥,០០០តោននៅក្នុងឃ្លាំង។ ម៉្យាងវិញទៀតយោងតាមរបាយការណ៍ឆ្នាំ២០១២របស់ក្រសួងដដែលនេះ កូរ៉េខាងជើងមានរោងចក្រផលិតអាវុធនុយក្លេអ៊ែរនៅក្នុងទីតាំងចំនួន០៨ បូករួមទាំងកំពង់ផែ Chongjin ដែលស្ថិតនៅភាគឦសាន និងទីក្រុង Sunuiju ដែលស្ថិតនៅភាគពាយ័ព្យនៃផ្ទៃប្រទេស។
លោក Lee Il-Woo អ្នកវិភាគស្តីពីវិស័យការពារជាតិរបស់កូរ៉េខាងត្បូងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «កូរ៉េខាងជើងត្រូវគេជឿជាក់ថាមានស្តុកសារធាតុគីមីពុលម៉្យាងឈ្មោះថា VX នៅក្នុងចំនួនយ៉ាងច្រើន ដែលអាចផលិតឡើងបានយ៉ាងងាយដោយប្រើប្រាស់ការចំណាយក្នុងកម្រិតទាប ហើយសារធាតុគីមី VX ដែលត្រូវបានអភិវឌ្ឍន៍ឡើងកាលពីប្រមាណជា១០០ឆ្នាំមុនមកនេះ ក៏អាចបង្កើតឡើងបាននៅក្នុងមន្ទីរពិសោធន៍តូចៗ ឬមួយក៏រោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតជាដើម»។
អ្នកវិភាគរូបនេះបានបន្ថែមទៀតថា «អាវុធគីមីក៏ដូចជាអាវុធជីវសាស្រ្តអាចធ្វើការដឹកជញ្ជូនតាមរយៈមធ្យោបាយជាច្រើនរួមមាន កាំភ្លើងធំ មីស៊ីល និងយន្តហោះជាដើម។ ដោយឡែកថ្នាំពុលគ្មានក្លិននិងគ្មានពណ៌នេះត្រឹមតែមួយដំណក់តូចប៉ុណ្ណោះ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំផ្លាញប្រព័ន្ធប្រសាទទាំងស្រុងរបស់ជនរងគ្រោះ បើសិនជាបានជ្រាបចូលទៅក្នុងខ្លួនតាមរយៈស្បែក ភ្នែក ឬក៏ច្រមុះ»។
យោងតាមមន្រ្តីប៉ូលិសម៉ាឡេស៊ី ដានរបស់សាធាតុគីមីពុល VX ដែលត្រូវបានចាត់ទុកជាអាវុធប្រល័យលោកមួយប្រភេទដោយអង្គការសហប្រជាជាតិ ត្រូវបានគេរកឃើញនៅលើផ្ទៃមុខ និងភ្នែករបស់លោក គីម ជុងណាំ ដែលត្រូវបានគេលួចបំពុលឲ្យស្លាប់នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីសប្តាហ៍មុននេះ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងពុំបានចុះហត្ថលេខា លើសន្ធិសញ្ញាជាសាកលមួយស្តីពីការដាក់បំរាមទៅលើការផលិត ការស្តុកទុក ក៏ដូចជាការប្រើប្រាស់អាវុធគីមីនោះឡើយ ខណៈប្រទេសច្រើន១៦០ផ្សេងទៀតបានព្រមព្រៀងគ្នាចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដែលបានចូលជាជាធរមានកាលពីឆ្នាំ១៩៩៧៕