(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់ប្រតិបត្តិការយោធាដើម្បីយក «ជនអន្ធពាល » ពិតប្រាកដទំាងអស់ចេញពីសហរដ្ឋអាមេរិក ខណៈរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក ចន ឃែលី (John Kelly) បានសន្យាចំពោះម៉ិចស៊ីកូថានឹងមិនប្រើប្រាស់កម្លាំងយោធាបណ្ដេញជនអន្ដោប្រវេសន៍នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងជំនួបជាមួយអ្នកជំនួញអាមេរិកធំៗជាច្រើននាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ត្រាំ បានលើកឡើងថា «អ្នកបានឃើញហើយអ្វីដែលបានកើតឡើងនៅតំបន់ព្រំដែន។ យើងនឹងយកសមាជិកក្រុមអន្ធពាល និងសេ្ដចគ្រឿងញៀនចេញពីប្រទេសរបស់យើង ពោលគឺជនអន្ធពាលពិតប្រាកដ នឹងត្រូវចាកចេញពីប្រទេសមួយនេះ ក្នុងអត្រាមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុនមក (...) ហើយក្រុមជនអន្ធពាលទំាងនេះ គួរតែត្រូវបានយកចេញពីប្រទេសដោយប្រតិបត្តិការយោធា»។
គួរបញ្ជាក់ថាបច្ចុប្បន្នបញ្ហាជនអន្តោប្រវេសន៍ នៅក្នុងសហរដ្ឋអាមេរិកបានក្លាយជាប្រធានបទដ៏សំខាន់ និងកំពុងធ្វើឱ្យសង្គមអាមេរិកប្រឈមមុខនឹងការបែកបាក់នយោបាយផ្ទៃក្នុង ស្របពេលប្រជាជនអាមេរិកមួយចំនួនយល់ថា ជនអន្តោប្រវេសន៍បានដណ្ដើមការងាររបស់ពួកគេ រីឯអ្នកខ្លះទៀតថាជនអន្តោប្រវេសន៍បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចអាមេរិក៕