(ម៉ិចស៊ីកូ)៖ អាជ្ញាធរអាមេរិកបានសន្យាថានឹងមិនមានការបណ្ដេញទ្រង់ទ្រាយធំ ឬក៏ប្រើប្រាស់កម្លាំងយោធា បណ្ដេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្បែរខាងនោះទេ ដែលការសន្យាបែបនេះដើម្បីឱ្យម៉ិចស៊ីកូត្រជាក់ចិត្តឡើងវិញ។ នេះបើតាមរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក ចន ឃែលី (John Kelly) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការសន្យារបស់លោក ចន ឃែលី ធ្វើឡើងនៅក្នុងឱកាសដែលរូបលោក និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក ល្វីស វីដេហ្គារ៉ាយ (Luis Videgaray)។ នៅក្នុងជំនួបនោះដែរនៅទីក្រុងមិចស៊ីកូ លោក វីដេហ្គារ៉ាយ ជាថ្មីម្ដងទៀតបានបង្ហាញការខឹងសម្បារ និងការព្រួយបារម្ភជាខ្លាំងជុំវិញគោលនយោបាយអន្តោប្រវេសន៍ថ្មី នៃរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានចេតនាបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ឬមិនមានលិខិតស្នាមត្រឹមត្រូវទំាងអស់ចេញពីទឹកដីអាមេរិក។ ជនភៀសខ្លួនទំាងនេះ អាចនឹងត្រូវបញ្ជូនមកកាន់ម៉ិចស៊ីកូ ឬក៏បើពួកគេមកពីកន្លែងណាត្រូវទៅកន្លែងនោះវិញ។
គួរបញ្ជាក់ថាលោក វីដេហ្គារ៉ាយ កាលពីថ្ងៃព្រហស្បតិ៍ក៏បានថ្កោលទោសផងដែរលើគោលនយោបាយថ្មីនេះ ដោយលោកបញ្ជាក់ថា ប្រទេសរបស់លោកមិន អាចទទួលយកបានឡើយនូវការសម្រេចចិត្តជាឯកតោភាគីបែបនេះ។ ទំនាក់ទំនងរវាងម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក ប្រែជាអាប់អួរនឹងគ្នាតំាងតែពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកមកម្លេះ ដោយនៅកាលណោះ លោក ដូណាល់ ត្រាំ បាននិយាយជាសាធារណៈថា លោកនឹងឱ្យម៉ិចស៊ីកូ ចេញលុយសាងសង់ជញ្ជាំងព្រំដែនជាប់គ្នារវាងប្រទេសទាំងពីរ ដើម្បីទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងឧក្រិដ្ឋជនជួញដូរគ្រឿង ញៀនចូលមកក្នុងទឹកដីអាមេរិក៕