(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានអំពាវនាវយ៉ាងទទូចដល់កូរ៉េខាងជើងឲ្យទទួលស្គាល់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងគឺជាអ្នកនៅពីក្រោយខ្នង នៃការលួចធ្វើឃាតលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសមេដឹនាំរបស់ខ្លួន ហើយសហការជាមួយការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ីជុំវិញករណីឃាតកម្មនេះទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងការឆ្លើយតបជាផ្លូវការរបស់ខ្លួនទៅនឹងការស្លាប់របស់លោក គីម ជុងណាំ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសម៉ាឡេស៊ីថាបានឃុបឃិតគ្នាជាមួយកូរ៉េខាងត្បូងនៅក្នុងការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ និងបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងសេអ៊ូលថាបានឆ្លៀតឱកាសកេងចំណេញយកផលប្រយោជន៍ពីហេតុការណ៍នេះ ដើម្បីប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។
ដោយឡែកនាពេលនេះអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Jeong Joon-Hee បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា «យល់ល្អកូរ៉េខាងជើងគួរតែទទួលសារភាព ពីអំពើឃាតកម្មរបស់ខ្លួនទៅលើលោក គីម ជុងណាំ ហើយចូលខ្លួនសហការជាមួយការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ីទៅ។ ផ្ទុយទៅវិញមុខមាត់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅក្នុងឆាកអន្តរជាតិ និងកាន់តែធ្លាក់ចុះដុនដាបអាក្រក់ថែមទៀត បើសិនជានៅតែបន្តរឹងទទឹងដោយប្រកែកមិនទទួលស្គាល់ការពិត»។
គួរបញ្ជាក់ថាយោងតាមអាជ្ញាធរម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានគេលួចធ្វើឃាតដោយអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះដោយសារធាតុគីមីពុលម្យ៉ាងមានឈ្មោះថា VX ដែលជាអាវុធគីមី ខណៈជនជាតិកូរ៉េខាងជើងចំនួន០៨នាក់កំពុងស្ថិតក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើលោក គីម រួមជាមួយស្រ្តីពីរនាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់ប៉ូលិសម៉ាឡេស៊ី៕