(គូឡាឡាំពួរ)៖ មន្រ្តីប៉ូលិសម៉ាឡេស៊ីកំពុងស៊ើបអង្កេតថា តើសារធាតុគីមីពុល VX ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើឃាតលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នលោក គីម ជុងអ៊ុន នោះត្រូវបាននាំចូលមកកាន់ម៉ាឡេស៊ី ឬមួយក៏ត្រូវបានផលិតឡើងនៅក្នុងប្រទេសផ្ទាល់ ហើយលោក Khalid Abu Bakar បានស្នើឲ្យអ្នកជំនាញគ្រប់ជាន់ថ្នាក់ធ្វើការតាមដាននិងត្រួតពិនិត្យឲ្យបានដិតដល់ចំពោះដានរបស់សារធាតុពុលគីមី VX នៅតាមទីកន្លែងដែលជនសង្ស័យបានទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសរូបនេះបានបង្ហើបឲ្យដឹងដូច្នេះថា ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជាប់សង្ស័យទាំងពីរនាក់ពាក់ព័ន្ធករណីឃាតកម្មលោក គីម ជុងណាំ ដោយប្រើប្រាស់សារធាតុគីមី VX ដ៏មានអនុភាពនេះ ក៏បានទទួលរងឥទ្ធិពលរបស់វាផងដែរ ដោយលោក Kahlid Abu Bakar បានបញ្ជាក់ថា «នាងមានការក្អួតចង្អោរ និងធ្លាក់ខ្លួនឈឺ» បន្ទាប់ពីលោកធ្វើការឆ្លើយតបទៅនឹងសំណួរថា តើស្រ្តីជាជនសង្ស័យទាំងពីររូបបានទទួលរងឥទ្ធិពលរបស់ VX ដែលត្រូវបានចាត់ទុកជាអាវុធប្រល័យលោកមួយប្រភេទ ដោយអង្គការសហប្រជាជាតិ ប៉ុន្តែលោក Kahlid មិនបានធ្វើការបកស្រាយលម្អិតវែងឆ្ងាយតទៀតឡើយ។
គួរបញ្ជាក់ថាលោក គីម ជុងណាំ បានបាត់បង់ជីវិតនៅក្រោយពេលដែលរូបលោកបានទទួលរងការលួចវាយប្រហារនៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ ហើយអាជ្ញាធរម៉ាឡេស៊ីបានចាប់ឃុំខ្លួនស្រ្តីជនជាតិវៀតណាមម្នាក់ និងស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ទៀត ក្រោមបទសង្ស័យថាបានបាញ់សារធាតុគីមីពុលនេះទៅលើផ្ទៃមុខរបស់លោក គីម៕