(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាលោកមានបំណងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីធានាឱ្យបានថាសហរដ្ឋ អាមេរិកនៅតែបន្តឈរជាមហាអំណាចលេខ១នៅលើពិភពលោក និងថែមទាំងបានសន្យាដែរថា សមត្ថភាពនុយក្លេអ៊ែរអាមេរិក នឹងមិនអាចរត់តាមពីក្រោយបណ្ដាប្រទេសដ៏ទៃរួមមានទំាងមិត្ត ឬក៏សត្រូវជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ត្រាំ បានបញ្ជាក់ដូច្នេះថា «វាពិតជារឿងអស្ចារ្យសម្រាប់ក្ដីស្រមៃ គ្មានប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែបើសិនជាប្រទេស ទាំងអស់មានឬកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ យើងត្រូវតែឈរនៅលើគេ ពោលគឺយើងមិនអាចរត់តាមពីក្រោយប្រទេសណាមួយនោះទេ បើទោះជា ប្រទេសនោះជាមិត្ត ឬជាសត្រូវក៏ដោយ។ យើងមិនអាចរត់តាមពីក្រោយជាដាច់ខាត ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថានៅក្នុងបទសម្ភាសន៍នោះ លោក ដូណាល់ ត្រាំ ក៏បានគូសបញ្ជាក់ដែរថារុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលថ្មីជាច្រើន ដែលនេះជាទង្វើ រំលោភលើសន្ធិសញ្ញាគ្រប់គ្រងអាវុធឆ្នាំ១៩៨៧ ហើយថាលោកនឹងយកបញ្ហានេះ ទៅនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បើសិនជាអ្នកទំាងពីរ អាចជួបគ្នានៅថ្ងៃណាមួយ៕