(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋ Iowa លោក Terry Branstad ដែលត្រូវបាន​ជ្រើសរើស​ដោយប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ សម្រាប់​មុខតំណែង​ជាឯកអគ្គរដ្ឋទូត​ប្រចាំទីក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​កាន់​ទន់ភ្លន់​បន្ថែមទៀត​ចំពោះ​ប្រទេសចិន ដោយ​នៅ​​ថ្ងៃព្រហស្បតិ៍នេះ (ពេលនៅ​រដ្ឋធានី​វ៉ាស៊ីនតោន) លោក Branstad បានបញ្ជាក់ថា​រូបលោកនឹង​ខិតខំ​ធ្វើយ៉ាងណា​ធានាឲ្យបាន​ពី​កំណើន​​​ជា​បន្ត​បន្ទាប់​នៃ​វិស័យ​ចេញ​ផ្នែកកសិកម្ម​អាមេរិក​ទៅកាន់ចិន នៅពេលដែល​រូបលោក​ឡើងកាន់តួនាទី​ថ្មីនាពេលឆាប់ៗ​ខាងមុខ។ នេះ​បើតាម​​ការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុងវេទិកា​ប្រចាំឆ្នាំស្តីពី​ទស្សន​វិស័យ​នៃកសិកម្ម​របស់ក្រសួង​កសិកម្ម​អាមេរិក​ លោក Branstad បានលើក​ឡើងថា «ទំនាក់ទំនង​អាមេរិក​-​ចិន​​​អាចផ្តល់​ឱកាស​ជាច្រើន​ដើម្បីបន្ត​បង្កើនការ​នាំចេញ​នៃវិស័យ​កសិកម្ម​ទៅកាន់​ប្រទេសចិន ហើយ​ខ្ញុំរំពឹងថា​នឹងអាចក្លាយ​ជា​អ្នកសម្រប​សម្រួល​ដ៏មានប្រសិទ្ធភាព​បំផុតមួយ​សម្រាប់គ្រប់​វិស័យនាំ​ចេញផ្នែក​កសិកម្ម​ទាំងអស់​នៅក្នុងមុខ​តំណែងថ្មីនេះ»។

លោក Terry Branstad ក៏បានអះអាង​ដែរថា​រូបលោកនឹង​ប្រើប្រាស់​ទំនាក់ទំនង​ដ៏យូរអង្វែងរវាង​លោក​និងមន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ដើម្បី​​ទទួល​បានការអនុញ្ញាត​យ៉ាងឆាប់​រហ័សរបស់​ទីក្រុងប៉េកាំង​ចំពោះការបង្កើន​ការនាំចូល​ផ្នែកវិស័យ​កសិកម្ម​របស់​សហរដ្ឋអាមេរិក ហើយ​​លោក Branstad ជឿជាក់ថា​មិត្តភាព​និង​ការជឿទុកចិត្តគ្នា​អាចជួយកាត់​បន្ថយភាព​រាំងស្ទះមួយចំនួន ដើម្បី​បង្កើនការ​ធ្វើពាណិជ្ជកម្ម​ទ្វេភាគីពាក់ព័ន្ធ​​នឹងវិស័យ​កសិកម្ម។

គួរបញ្ជាក់ថា​លោក Terry Branstad វ័យ៧០ឆ្នាំ ជាអភិបាល​ដែលបានបម្រើជាតិ​យូរជាងគេបង្អស់​នៅ​សហរដ្ឋអាមេរិក និងជាបុគ្គល​​មួយ​រូប​​ដែល​​​បាន​​បង្កើត​និងរក្សាទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​យូរអង្វែងជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង ហើយបាន​ធ្វើដំណើរ​ទៅកាន់ប្រទេស​ចិន​​​ជា​ច្រើន​លើក​​​ផង​ដែរ។ លោក Branstad បានបំពេញ​តួនាទីជា​អភិបាលរដ្ឋ Iowa ពីឆ្នាំ១៩៨៣​ដល់១៩៩៩ និងម្តងទៀត​ចាប់តាំងពី​ឆ្នាំ២០១១រហូតដល់​​បច្ចុប្បន្ន ហើយរូប​លោកត្រូវ​បានលោក ដូណាល់ ត្រាំ ជ្រើសរើស​ធ្វើបេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេសចិន​កាលខែធ្នូ ឆ្នាំ២០១៦​កន្លង​ទៅ​នេះ៕