(ម៉ូស្គូ)៖ បន្ទាប់ពីមានពាក្យលេចឮកន្លងមក ព្រមទាំងការរិះគន់ផងដែរទៅលើគំនិតរបស់រុស្ស៊ី ដែលគ្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងខ្នាតធំ Admiral Kuznetsov ទៅកាន់ដែនសមុទ្ររបស់ប្រទេសស៊ីរីនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ហើយវាក៏មិនមែនជាការរំលោភអធិបតេយ្យភាពប្រទេសស៊ីរីនោះដែរ ដោយលោកគ្រាន់តែចង់កម្ចាត់ក្រុមភេរវករតែប៉ុណ្ណោះ។ នេះបើតាមការដកស្រង់សេចក្តីរាយការណ៍ពីសារព័ត៌មាន RT នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
គំនិតរបស់លោក ពូទីន ខាងលើនេះត្រូវបានការពារដោយការបកស្រាយថា នាវាដឹកក្រុមយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី មានយុទ្ធសាស្ត្រក្នុងការកម្ទេចក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។ លោក ពូទីន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាកំពូលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា «កន្លងមកអ្នកធ្លាប់បានបំពេញប្រតិបត្តិការធំៗដែលត្រូវបានដាក់ចេញ ហើយក៏បានបំផ្លិចបំផ្លាញក្រុមភេរវករអន្តរជាតិតាមរយៈការកម្ទេច មូលដ្ឋាន ឃ្លាំងសព្វាវុធ បរិក្ខាប្រយុទ្ធ និងហេដ្ឋរចនាសម្ព័ន្ធរបស់ពួកគេ»។
លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា យោធារុស្ស៊ីពិតជាបានចូលរួមយ៉ាងអស្ចារ្យទៅក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់ពួកភេរវករអន្តរជាតិ ហើយរុស្ស៊ីក៏បានព្យាយាមបង្កើតលក្ខខណ្ឌល្អប្រសើរ ក្នុងការរៀបចំកិច្ចចរចារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងផងដែរ។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងព្រួយបារម្ភពីបណ្តាប្រទេសលោកខាងលិចអំពីគំរោងបោះជំហានដ៏ធំរបស់រុស្ស៊ី ក្នុងការបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅកាន់ស៊ីរី៕