(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំាបាននិយាយថាលោកពិតជាខឹងសម្បារយ៉ាងខ្លំាងចំពោះការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់កូរ៉េខាងជើងនៅពេលថ្មីៗនេះ ហើយថាស្ថានភាពឧបទ្វីបកូរ៉េបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពគ្រោះថា្នក់ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានវាយតមៃ្លថាចិនអាចដោះស្រាយបញ្ហាជាមួយទីក្រុងព្យុងយ៉ាងបានយ៉ាងងាយស្រួលបើសិនជាចិនចង់ធ្វើវា ហើយសម្រាប់គំរោងអង្គុយតុចរចារវាងអាមេរិក-កូរ៉េខាងជើងគឺហួសពេលហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានជំរើសជាច្រើន ក្រៅពីការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះលោកក៏បានសាទរផងដែរ ចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការផ្អាកនំាចូលធ្យូងថ្មពីទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ នៅតែយល់ថាវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺចិនត្រូវតែដាក់សម្ពាធឱ្យកាន់តែខ្លំាងជាងនេះលើរបបដឹកនាំលោក គីម ជុងអ៊ុន។
គួររំលឹកថានៅអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ឌ្រូដូ កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានចាត់ទុកកូរ៉េខាងជើងគឺជាបញ្ហាដ៏ធំ និងសំខាន់បំផុត ដែលគួរត្រូវបានដោះស្រាយដោយប្រើធម៌ក្ដៅនៅក្នុងករណីចាំបាច់ជាមួយនឹងការប្ដេជ្ញាចិត្តថា កិច្ចការពារការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាអាទិភាពនៃរដ្ឋបាលរបស់លោក៕