(ម៉ានីល)៖ កម្លាំងប៉ូលិសហ្វីលីពីននៅថ្ងៃសុក្រនេះបានធ្វើការចាប់ខ្លួនលោកស្រី លៃឡា ដឺលីម៉ា (Leila De Lima) សមាជិកព្រឹទ្ធសភាដែលត្រូវបានសាធារណជនស្គាល់ច្បាស់ថា គឺជាអ្នករិះគន់មិនសំចៃមាត់លើប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយបង្ហូរឈាមរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្រោមបទចោទប្រកាន់ថាលោកស្រីមានជាប់ពាក់ព័ន្ធនៅក្នុងការជួញដួរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតុលាការទីក្រុងម៉ានីល បានបង្គាប់ឲ្យធ្វើការចាប់ខ្លួនលោកស្រី លៃឡា ដឺលីម៉ា វ័យ៥៧ឆ្នាំជុំវិញពាក្យបណ្តឹងពាក់ព័ន្ធនឹងការលួចជួញដូរគ្រឿង ដែលត្រូវបានធ្វើឡើងក្រសួងយុត្តិធម៌ហ្វីលីពីន។ លោកស្រី ដឺលីម៉ា ត្រូវគេចោទប្រកាន់ថាធ្លាប់បានផ្សំគំនិតក៏ដូចជាប្រឡូកប្រឡាក់ជាមួយការជួញដូរគ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកស្រីកាន់មុខតំណែងជារដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌កាលពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៥។
គួរបញ្ជាក់ថាលោក លៃឡា ដឺលីម៉ា ត្រូវបានប៉ូលិសចាប់ខ្លួននៅឯការិយាល័យរបស់ស្រីផ្ទាល់ក្នុងព្រឹទ្ធសភាហ្វីលីពីនដោយគ្មានការប្រឆាំងតបតនោះឡើយ ហើយនៅពេលត្រូវបានគេនាំខ្លួនចេញពីបរិវេណព្រឹទ្ធសភាលោកស្រី ដឺលីម៉ា បានថ្លែងយ៉ាងជឿជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគ្មានកំហុសអ្វីឡើយ!» ខណៈមេធាវីលោកស្រីកំពុងតែចោទសួរដេញដោលអំពីដីកាចាប់ខ្លួននេះថា វាពិតជាមានភាពមិនប្រក្រតីខ្លាំងណាស់៕