(វីយែន)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងកិច្ចការស្ត្រីអូទ្រីសលោកស្រី Sabine Oberhauser បានទទួលមរណភាពហើយនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈក្នុងអាយុ៥៣ឆ្នាំ បន្ទាប់ពីលោកស្រីបានទទួលរងជំងឺមហារីកយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី Sabine ធ្លាប់បានប្រកាសអំពីជំងឺមហារីកក្រពះរបស់លោកស្រីជាសាធារណៈកាលពីដើមឆ្នាំ២០១៥ ហើយរយៈ ពេលបន្តបន្ទាប់ទៀត លោកស្រីក៏បានទទួលការវះកាត់ និងព្យាបាលជាច្រើនលើកដែរ ដែលជាហេតុបាននាំឲ្យរដ្ឋមន្ត្រីរូបនេះ ខកខានបំពេញតួនាទីរបស់ខ្លួនជាច្រើនដង។
គួរបញ្ជាក់ថាស្វាមីរបស់លោកស្រី Sabine គឺលោក Gerold Oberhauser ក្នុងនាមជាវេជ្ជបណ្ឌិតបានព្យាយាមក្នុងការព្យាបាលលោកស្រីយ៉ាងអស់ពីសមត្ថភាព ប៉ុន្តែជាអកុសល្យលោកស្រីនៅតែបាត់បង់ជីវិតចោលលោក និងកូនស្រីពីរនាក់ទៀត។ អធិការបតីអូទ្រីសលោក Gerhard Kern បានសម្តែងសមានទុក្ខ និងហៅការទទួលមរណភាពរបស់រដ្ឋមន្ត្រីខាងលើនេះថា «ជាទុក្ខក្រៀមក្រំដែលមិនអាចកាត់ថ្លៃបាន»៕