(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានចេញសេចក្តីរិះគន់ដ៏កម្រមួយប្រឆាំង នឹងប្រទេសចិនដែលជាសម្ព័ន្ធដ៏យូរអង្វែងតែមួយគត់របស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយការដាក់បំរាមហាមឃាត់ចំពោះការនាំចូលធ្យូងថ្មពីរបបដឹកនាំទីក្រុងព្យុងយ៉ាងជាបណ្តោះអាសន្នសិន ដើម្បីបន្ទុចបង្អាក់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកុម្មុនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យ៉ាងណាមិញទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបាននិយាយសំដៅចំៗទៅលើចិនតែម្តងនោះទេ ដោយបានលើកឡើងថាប្រទេសជិតខាងមួយដែលតែងតែបានធានាអះអាងថាជា «អ្នកក្បែរខាងដ៏ល្អម្នាក់» នោះកំពុងបង្ហាញពីអាក្បកិរិយាមិនល្អឡើយមកលើប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានដដែលនេះបានថ្កោលទោសក៏ដូចជារិះគន់ខ្លាំងៗ ចំពោះការសម្រេចចិត្តនាពេលថ្មីៗកន្លងទៅនេះរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការផ្អាកការនាំចូធ្យូងថ្មកូរ៉េខាងជើងថា ការទង្វើអមនុស្សធម៌ជាទីបំផុត ដែលអាចនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើងស្ថិតក្រោមការគំរាមកំហែងធ្ងន់ធ្ងរ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីប្រកាសថា រដ្ឋាភិបាលរបស់ខ្លួនដាក់បំរាមផ្អាកការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើងជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីដោយស្របទៅតាមទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាងរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់ និងជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចដ៏សំខាន់មួយរបស់កូរ៉េខាងជើង ប៉ុន្តែមិនយល់ស្របចំពោះកម្មវិធីមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែររបស់របបដឹកនាំទីក្រុងព្យុងយ៉ាងនោះឡើយ ខណៈការដាក់បំរាមខាងលើនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទថ្មី៕