(គូឡាឡាំពួរ)៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម៉ាឡេស៊ីមួយរូបបានបង្ហើបឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងតែពិចារណារឿងបណ្តេញមន្ត្រីទូតកូរ៉េខាងជើង ត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងវិញ និងបិទស្ថានទូតកូរ៉េខាងជើងចោលតែម្តង ពាក់ព័ន្ធទៅនឹងសង្គ្រាមការទូតរវាងប្រទេសទាំងពីរ ដែលបានរីករាលដាលកាន់តែខ្លាំងក្រោយការធ្វើឃាតលោក គីម ជុងណាំ បងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបង្ហើបពីមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីខាងលើនេះ បានធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថាម៉ាឡេស៊ីកំពុងប្រកាន់ «ឥរិយាបថអមិត្ត» និងថែមទាំងព្រមានដែរថាខ្លួននឹងតាមឃ្លំាមើលអាកប្បកិរិយាបែបនេះរបស់ម៉ាឡេស៊ី នៅថ្ងៃអានាគត។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ក្រសួងការបរទេសម៉ាឡេស៊ី និងមន្ទីរពេទ្យរក្សាសពរបស់បុរសម្នាក់ដែលគេជឿថាជាលោក គីម ជុងណាំ បានអះអាងថា លោកមានអាការៈមិនស្រួលខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ និងក្រោយមកបានស្លាប់ដោយសារគាំងបេះដូង នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ក៏ប៉ុន្តែផ្ទុយទៅវិញប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បែរជានាំគ្នាចុះផ្សាយព័ត៌មាននេះខុសពីការពិត ដោយថាលោក គីម ត្រូវបានគេបំពុលឱ្យស្លាប់ ខណៈប៉ូលិសសម្ងាត់ម៉ាឡេស៊ី ក៏បានចូលរួមនៅក្នុងកិច្ចការបំផ្លៃព័ត៌មានឱ្យកា្លយជាការពិតដូចទីក្រុងសេអ៊ូល ចង់បាន ដែលប្រការនេះបានធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលទទួលបន្ទុកតាមដានសកម្មភាពរបស់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក កាង ចុល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសម៉ាឡេស៊ីមានការរង្គាសចិត្តជាខ្លាំង និងកំពុងរៀបចំចំណាត់ការតប ហើយដែលវាអាចឈានទៅដល់ការប្រកាសឲ្យអគ្គរដ្ឋទូតកូរ៉េខាងជើងក្លាយជា បុគ្គលដែលគេមិនស្វាគមន៍» ដូចជាពេលដែលអាមេរិកបណ្តេញមន្ត្រីទូតរុស្ស៊ីកាលពីចុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកដូច្នោះដែរ៕