(គូឡាឡំាពួរ)៖ កូរ៉េខាងជើងបាននិយាយថាម៉ាឡេស៊ីកំពុងប្រកាន់ «ឥរិយាបថអមិត្ត» និងថែមទាំងព្រមានដែរថាខ្លួននឹងតាមឃ្លំាមើលអាកប្បកិរិយាបែបនេះរបស់ម៉ាឡេស៊ី នៅថ្ងៃអានាគត។ នេះបើតាមសេចក្ដីថ្លែងការណ៍នៃគណៈកម្មាធិការច្បាប់នៃសភាកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ក្រសួងការបរទេសម៉ាឡេស៊ី និងមន្ទីរពេទ្យរក្សាសពរបស់បុរសម្នាក់ដែលគេជឿថាជាលោក គីម ជុងណាំ បានអះអាងថា លោកមានអាការៈមិនស្រួលខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ និងក្រោយមកបានស្លាប់ដោយសារគាំងបេះដូង នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ក៏ប៉ុន្តែផ្ទុយទៅវិញប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បែរជានាំគ្នាចុះផ្សាយព័ត៌មាននេះខុសពីការពិត ដោយថាលោក គីម ត្រូវបានគេបំពុលឱ្យស្លាប់ ខណៈប៉ូលិសសម្ងាត់ម៉ាឡេស៊ី ក៏បានចូលរួមនៅក្នុងកិច្ចការបំផ្លៃព័ត៌មានឱ្យកា្លយជាការពិតដូចទីក្រុងសេអ៊ូល ចង់បាន ដែលប្រការនេះបានធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញ។
គួរបញ្ជាក់ថាបើតាមសេចក្ដីថ្លែងការណ៍ខាងលើ កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមនៅក្នុងការស៊ើបអង្កេតលើករណីឃាតកម្មលោក គីម ជុងណាំ ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន ជាបញ្ជាឱ្យគេសម្លាប់បងប្រុសរបស់ខ្លួនឯង៕