(បាកដាដ)៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក ដែលកំពុងតែរុលទៅក្បែរតំបន់ភាគខាងកើតទីក្រុងម៉ូស៊ុល ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាម ISIS នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការសំរុកចូលព្រលានយន្តហោះរបស់ទីក្រុងដ៏ធំមួយ ព្រមទាំងមូលដ្ឋានទ័ពដែលនៅជិតនោះមួយកន្លែងទៀត បន្ទាប់ពីបានវាយរំដោះតំបន់ភាគខាងកើតនៃទីក្រុងម៉ូស៊ុលកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យកម្លាំងសន្តិសុខប្រទេសអ៊ីរ៉ាក់លោក Sabah al-Numan កងកម្លាំងប្រឆាំងអំពើភេរវកម្ម CTS និងអង្គភាពប្រតិកម្មរហ័សរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបើកប្រតិបត្តិការដោយធ្វើការវាយសំរុកចូលទៅក្នុងព្រលានយន្តហោះទីក្រុងម៉ូស៊ុល និងមូលដ្ឋានយោធា Ghozlani ដែលស្ថិតនៅក្បែរនោះ ក្នុងគោលបំណងបណ្តេញក្រុម ISIS ហើយយកទីតាំងដ៏សំខាន់ទាំងនេះធ្វើជាមូលដ្ឋានឈរជើងសម្រាប់បន្តប្រតិបត្តិការវាយរំដោះតំបន់ភាគខាងលិចនៃទីក្រុងដ៏ធំទីពីរបស់ប្រទេសអ៊ីរ៉ាក់។
គួរបញ្ជាក់ថាព្រលានយន្តហោះ និងមូលដ្ឋានទ័ពខាងលើរួមមានទាំងកន្លែងហ្វឹកហ្វាត់ និងបន្ទាយអគារជាច្រើនដែលលាតសន្ធឹងនៅតំបន់មួយក្បែរមហាវិធីតភ្ជាប់រវាងទីក្រុងម៉ូស៊ុល និងរដ្ឋធានីបាកដាដនោះ បានធ្លាក់ទៅក្នុងកណ្តាប់ដៃអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅពេលដែលពួកគេកាន់កាប់ទីក្រុងម៉ូស៊ុលកាលពីខែមិថុនា ឆ្នាំ២០១៤។ ដោយឡែកបន្ទាប់ពីបានបើកប្រតិបត្តិការយោធាដ៏ក្តៅគគុកអស់រយៈពេលជាច្រើនខែ រួមជាមួយនិងកងកម្លាំងចម្រុះជាង១ម៉ឺននាក់ ក្រុមសកម្មប្រយុទ្ធ ISIS ក៏បានខ្ទាតចេញពីតំបន់ភាគខាងកើតនៃទីក្រុងម៉ូស៊ុលកាលពីខែមករាកន្លងទៅនេះ៕