(ម៉ានីល)៖ ថ្លែងចំពោះមុខបញ្ហារសើបថ្មីៗដែលកើតឡើងនៅតំបន់សមុទ្រចិនខាងត្បូងនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay បានបញ្ជាក់សាជាថ្មីថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងការទទួលដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅទីក្រុងប៉េកាំងធ្លាប់បានសន្យាចំពោះមុខគ្នាថា ចិននឹងមិនកសាងសំណង់លើតំបន់កោះប៉ប្រះទឹក Scarborough Shoal នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ឌូតឺតេ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែតុលា ឆ្នាំ២០១៦ ដើម្បីបង្ហាញពីជំហរងាករេយ៉ាងច្បាប់របស់លោកទៅកាន់ប្រទេសចិន និងងាកឆ្ងាយចេញពីសហរដ្ឋអាមេរិក ដែលជាដៃគូមិនអាចខ្វះបានរាប់ទសវត្សរ៍។ លោក Yasay បានបញ្ជាក់ថាការប្តេជ្ញារបស់លោក ស៊ី ជីនពីង ធ្វើឡើងនៅចំពោះមុខលោក ឌូតឺតេ តែម្តង។
គួរបញ្ជាក់ថាតំបន់កោះ Scarborough Shoal គឺជារង្វង់កោះប៉ប្រះទឹកមួយស្ថិតនៅភាគខាងកើតនៃតំបន់សមុទ្រចិនខាងត្បូង ដែលកៀកនឹងប្រទេសហ្វីលីពីនជាងប្រទេសចិន ប៉ុន្តែវាស្ថិតនៅក្នុងផែនទីនៃតំបន់សមុទ្រចិនខាងត្បូង ដែលចិនបានអះអាងអធិបតេយ្យស្ទើរតែទាំងស្រុងនោះដែរ។ ចាប់តាំងពីទំនាក់ទំនងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញមក គេមិនសូវឃើញមានការប៉ះទង្គិចគ្នាដោយពាក្យសម្តី ឬក៏ភាពរកាំរកូសណាមួយជុំវិញតំបន់សមុទ្រចិនខាងត្បូងទៀតនោះឡើយ៕