(គូឡាឡំាពួរ)៖ ម៉ាឡេស៊ីបានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ដាក់បុរសជាជនសង្ស័យកូរ៉េខាងជើង ០៤នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ នៅក្រោមការប្រកាសអាសន្ន និងតាមចាប់ខ្លួន។ នេះបើតាមមេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar ដកស្រង់ដោយសារព័តមាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡំាពួរ កាលពីសប្ដាហ៍មុន ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលជឿជាក់ថាទីភ្នាក់ងារចារកិច្ចកូរ៉េខាងជើង ជាអ្នកនៅពីក្រោយអំពើឃាតកម្មដ៏រសើបនេះ។ ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ លោក Abu Bakar បាននិយាយថា ស្ត្រីជាជនសង្ស័យ ម្នាក់មានសញ្ជាតិវៀតណាម និងម្នាក់ឥណ្ឌូណេស៊ីដែលត្រូវបានឃាត់ខ្លួនកាលពីសប្ដាហ៍មុន កំពុងជាប់សង្ស័យថាបានសម្លាប់លោក គីម ជុងណាំ ដោយប្រើប្រាស់ថ្នាំបំពុល។
ក្នុងពេលជាមួយគ្នានេះទៀត លោក Abu Bakar បានបដិសេធក្នុងការបញ្ជាក់ថា តើស្ត្រីទំាង០២នាក់នេះ ធ្វើការឱ្យភ្នាក់ងារចារកិច្ចកូរ៉េខាងជើង ឬយ៉ាងណានោះ។ មេបញ្ជាការប៉ូលិសរូបនេះបន្ថែមថា «បើសិនជាអ្នក (កូរ៉េខាងជើង) មិនបានធ្វើអ្វីខុស ឬគ្មានអ្វីត្រូវលាក់បំាង អ្នកមិនគួរខា្លចកិច្ចសហប្រតិបត្តិការនោះឡើយ ដូច្នេះអ្នកគួរតែផ្ដល់កិច្ចសហការ»។
គួរបញ្ជាក់ថាបច្ចុប្បន្នក្រៅពីជនសង្ស័យ០៣នាក់ កំពុងជាប់ឃុំប៉ូលិសម៉ាឡេស៊ី កំពុងស្វែងរកមនុស្ស០៧នាក់ នៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតករណីឃាតកម្មលើលោក គីម ជុងណាំ។ ម្យ៉ាងវិញទៀតមនុស្ស០៣នាក់ក្នុងចំណោមអ្នកទំាង០៧នាក់ មានម្នាក់ជាមន្ត្រីទូតនៃស្ថាទូតកូរ៉េខាងជើង ម្នាក់ជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង និងបុរសម្នាក់ផ្សេងទៀត ហើយដែលអ្នកទំាងនេះ កំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡំាពួរ។ ចំណែកឯជនជាតិកូរ៉េខាងជើង០៤នាក់ បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងវិញហើយ។ នេះបើតាមប៉ូលិសម៉ាឡេស៊ី៕