(គូឡាឡាំពួរ)៖ ជម្លោះការទូតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីកាន់តែជ្រាលជ្រៅទៅហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រទេសអាស៊ានមួយនេះថា បានធ្វើការស៊ើបអង្កេត និងកោសល្យវិច័យដោយចិត្តឯង ទៅលើសពលោក គីម ជុងណាំ ដែលជាបងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយនៅមុននេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ក៏បានលើកឡើងទៀតថា «កូរ៉េខាងជើងប្រើប្រាស់វិស័យការទូតបែបឈ្លើយបំផុត» ដែលជាចោទប្រកាន់មួយមិនអាចទទួលយកបានឡើយសម្រាប់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
រឿងរ៉ាវក្រោយករណីឃាតកម្មលើលោក គីម ជុងណាំ នោះមិនមែនមានតែការស៊ើបអង្កេតរកជនបង្កប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសង្គ្រាមពាក្យសម្តីរវាងទីក្រុងព្យុងយ៉ាង សេអ៊ូល និងគូឡាឡាំពួរ ដែលម៉ាឡេស៊ីនិង កូរ៉េខាងត្បូងបានបង្ហាញក្តីជឿជាក់ថា សាពសពនោះពិតជាលោក គីម ជុងណាំ ដែលត្រូវបានឃាតករមកពីកូរ៉េខាងជើងលួចធ្វើឃាត ប៉ុន្តែកូរ៉េខាងជើងបានអះអាងតបវិញថា ម៉ាឡេស៊ី និងកូរ៉េខាងត្បូងបានផ្សំគំនិតគ្នា ជាពិសេសគឺទីក្រុងសេអ៊ូលតែម្តង ដែលមានផែនការអាក្រក់ដើម្បីឆ្លៀតឱកាសទម្លាក់ការស្លាប់របស់ជនជាតិកូរ៉េខាងជើង (គីម ជុងណាំ) ឲ្យទៅកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ ដែលតាមពិតទៅគឺទីក្រុងព្យុងយ៉ាងអះអាងថា លោក គីម ជុងណាំ បានស្លាប់ដោយរោគគាំងបេះដូងប៉ុណ្ណោះ។
គួរបញ្ជាក់ថាទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងបានវិវឌ្ឍន៍រកភាពប្រសើរឡើងជានិច្ចក្នុងរយៈពេលជាង ៤០ឆ្នាំមកហើយ ដោយភាគីទាំងពីរសុទ្ធតែមានស្ថានទូតតំណាងប្រទេសរៀងៗខ្លួន។ ជាពិសេសជាងនេះទៅទៀតនោះ ម៉ាឡេស៊ីក៏ធ្លាប់ដើរតួជាអ្នកសម្របសម្រួលឲ្យមានកិច្ចពិភាក្សាមួយចំនួនរួចមកហើយរវាងមន្ត្រីរដ្ឋាភិបាលអាមេរិក និងមន្ត្រីទូតកូរ៉េខាងជើងកាលពីបណ្តាឆ្នាំកន្លងទៅ។ ប៉ុន្តែអ្វីៗទាំងអស់ប្រែជាប្រេះស្រាំ នៅពេលដែលទីក្រុងគូឡាឡាំពួរ ក្លាយជាទីកន្លែងដែលបងប្រុសម្តាយទីទៃនៃមេដឹកនាំកំពូលកូរ៉េខាងជើងទទួលមរណភាព កាលពីថ្ងៃទី១៣ ខែកុម្ភៈ៕