(ហាណូយ)៖ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍នៃប្រទេសវៀតណាម (MIC) នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនវៀតណាមរហូលដល់ចំនួន ៥០លាននាក់ហើយ ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតជាប្រចាំ ដែលចំនួននេះស្មើនឹងជាង៥៣ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសវៀតណាមទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Nguyen Thanh Hai ប្រធាននាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃ MIC បានលើកឡើងថាប្រទេសវៀតណាមបានកំណត់គោលដៅធ្វើយ៉ាងណាឲ្យចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតកើនដល់ចន្លោះពី៨០ ទៅ៩០ភាគរយនៃចំនួនប្រជាជនវៀតណាមសរុប ដើម្បីឲ្យស្មើឬក៏យ៉ាងហោចណាស់ប្រហាក់ប្រហែលនឹងចំនួននៅក្នុងប្រទេសអភិវឌ្ឍន៍នានា។
គួរបញ្ជាក់ថាយោងតាមសមាគមអ៊ីនធើណែតវៀតណាម ប្រទេសវៀតណាមឈរនៅលេខរៀងទី១៦ក្នុងចំណោមប្រទេសកំពូលៗទាំង២០ ដែលមានចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតច្រើនជាងគេបំផុតនៅក្នុងទ្វីបអាស៊ី។ ទោះជាបែបនេះក្តីប្រទេសវៀតណាមកំពុងប្រឈមមុខជាមួយបញ្ហាលំបាកជាច្រើនរួមមានផ្នែកព័ត៌មានវិទ្យាផ្នែកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណែត ការអភិវឌ្ឍធនធានមនុស្ស សន្តិសុខព័ត៌មាន និងផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធើណែតជាដើម៕