(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ករណីឃាតកម្មរបស់ជនជាតិកូរ៉េខាងជើងម្នាក់ (ដោយសំដៅលើ លោក គីម ជុងណាំ) នៅក្នុងរដ្ឋធានីគូឡាឡាំពួរកាលពីសប្តាហ៍មុននេះ គឺជាគំរោងការណ៍ដ៏អាក្រក់សំដៅប្រឆាំងនឹងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយកូរ៉េខាងត្បូង ក្នុងការទាញយកករណីមនុស្សស្លាប់ដោយសារគាំងបេះដូង មកចោទលើរបបដឹកនាំកូរ៉េខាងជើងថា ជាអ្នកនៅពីក្រោយការស្លាប់នោះទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃគណកម្មាធិការមេធាវីកូរ៉េឲ្យដឹងយ៉ាងដូច្នេះថា «ករណីឃាតកម្មទៅលើលោក គីម ជុងណាំ គឺជាការទន្ទ្រានដោយបើកចំហមកលើដែនអធិបតេយ្យភាពនៃប្រទេសកូរ៉េខាងជើង និងជាការរំលោភបំពានសិទ្ធិមនុស្សដោយចេតនាមួយ ក៏ដូចជាអំពើមួយដែលផ្ទុយស្រឡះទៅនឹងក្រមសីលធម៌ រួមទាំងចរិយាធម៌របស់មនុស្សជាតិ»។ បន្ថែមពីនេះអាជ្ញាធរម៉ាឡេស៊ីក៏រងការរិះគន់ថា បានសម្តែងអាកប្បកិរិយាមិនសមរម្យទាល់តែសោះមកលើកូរ៉េខាងជើងផងដែរ។
អ្នកនាំពាក្យកូរ៉េខាងជើងរូបនេះបានអះអាងទៀតថា «ពុំចាំបាច់មានការធ្វើកោសល្យវិច័យនោះឡើយ ដោយសារតែមូលហេតុនៃការស្លាប់ត្រូវបានគេបញ្ជាក់ថា បានបណ្តាលមកពីការគាំងបេះដូង ហើយបុរសដែលបានបាត់បង់ជីវិតមានលិខិតឆ្លងដែននៅជាប់នឹងខ្លួនទៀតផង ប៉ុន្តែប្រទេសកូរ៉េខាងត្បូងបានឆ្លៀតឱកាសកេងចំណេញពីហេតុការណ៍នេះ ហើយបានចេញផ្សាយរបាយការណ៍បោកប្រាស់ និងមិនពិតប្រាកដថាបុរសម្នាក់នោះត្រូវបានគេលួចបំពុលឲ្យស្លាប់ទៅវិញ»។
គួរបញ្ជាក់ថាបុរសជនជាតិកូរ៉េខាងជើងម្នាក់នេះ (អះអាងដោយកូរ៉េខាងជើង) បានបាត់បង់ជីវិតនៅតាមផ្លូវបញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងគូឡាឡាំពួរ ទៅកាន់មន្ទីរពេទ្យ។ មន្រ្តីប៉ូលិសម៉ាឡេស៊ីជាដំបូងបានកំណត់អត្តសញ្ញាណជនរងគ្រោះថាមានឈ្មោះ គីម ចុល មកពីកូរ៉េខាងជើង ខណៈឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានឲ្យដឹងថា យោងតាមឯកសាររបស់ស្ថានទូតបុរសម្នាក់នោះគឺជាលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ប៉ុន្តែការអះអាងនេះត្រូវបានបដិសេធចោលដោយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីលោក កាង ចុល។ ដោយឡែកការកំណត់អត្តសញ្ញាណជាផ្លូវការតាមរយៈគំរូ DNA ពុំទាន់បានប្រព្រឹត្តទៅនោះទេ ដោយហេតុតែមកទល់ពេលនេះមិនទាន់ឃើញមានកូនចៅបង្កើតរបស់ជនរងគ្រោះបង្ហាញខ្លួននៅឡើយ៕